នាព្រឹកថ្ងៃសៅរ៍ ០៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៩ នៅទីស្នាក់ការរដ្ឋបាលខេត្តសៀមរាប មានការៀបចំពិធីបិទសន្និបាតបូកសរុបការងាររបស់ខ្លួនឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៩ របស់មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ក្រោមអធិបតិភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តមពិន ប្រាកដ អភិបាលរងនៃគណអភិបាលខេត្ត ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលក្រុង ស្រុក លោក លោកស្រីតំណាងមន្ទីរជុំវិញខេត្ត មន្រ្តីរាជការប្រមាណជាង ៤៥០នាក់។
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើសេចក្តីរាយការណ៍បូកសរុបដោយសង្ខេប ជូនអង្គពិធីជ្រាបអំពីវឌ្ឍនភាពការងារទៅតាមអនុវិស័យនីមួយៗដូចជាការងារបង្កបង្កើនផលស្រូវ ដំណាំ (បន្ថែ ឈើហូបផ្លែ និងដំណាំកសិឧស្សាហកម្ម) ផលិតកម្មសត្វ និងសុខភាពសត្វ ព្រៃឈើ ជលផល សហគមន៍ កៅស៊ូ និងស្ថានភាពទូទៅរបស់មន្រ្តីរាជការ។ ខ្លឹមសារជាគោលគឺបានបញ្ជាក់ និងបង្ហាញឱ្យឃើញពីស្ថានភាពជាក់ស្តែងលើការងារដឹកនាំ គ្រប់គ្រង ការអនុវត្តផែនការ និងគោលនយោបាយរបស់ក្រសួង ក៏ដូចជារបស់អាជ្ញាធរដែនដីទាំងការងារសង្គម ច្បាប់ និងបច្ចេកទេស។ ក្រៅពីនេះ លោកប្រធានមន្ទីរក៏បានរាយការណ៍ពីបញ្ហាប្រឈមនានាដែលបានជួបប្រទះក្នុងពេលអនុវត្តការងារកន្លងមក ហើយភ្ជាប់ទៅនឹងបញ្ហានេះ លោកបានសំណូមពរឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវដែលជាថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដីមេត្តាជួយណែនាំ ចង្អុលបង្ហាញ និងតម្រង់ទិសកែលម្អ ដើម្បីឱ្យផែនការនិងទិសដៅការងារឆ្នាំ២០១៩ ទទួលបានជោគ ជ័យដូចដែលបានគ្រោងទុក ឆ្លើយតបតម្រូវការស្បៀងដែលធានាបានបរិមាណផ្គត់ផ្គង់ក្នុងខេត្ត ធានាគុណភាព អនាម័យ និងសុវត្ថិភាព សម្រាប់បម្រើឱ្យភ្ញៀវទេសចរណ៍ដែលមានកំណើនជាលំដាប់ និងឈានទៅធ្វើការកាត់បន្ថយការនាំចូល។
បន្ទាប់ពីឯកឧត្តមអភិបាលរងនៃគណអភិបាលខេត្តធ្វើបដិសណ្ឋារកិច្ច និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលមន្ទីរសម្រេចបាននាឆ្នាំកន្លងមក ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងកិច្ចស្វាគមន៍ចំពោះវត្តមានរបស់សមាជិក សមាជិកាដែលបានអញ្ជើញចូលរួមក្នុងពិធីដ៏មានអត្ថន័យនេះ និងថ្លែងអំណរគុណចំពោះអាជ្ញាធរដែនដី មន្ទីរពាក់ព័ន្ធជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលតែងតែគាំទ្រ និងផ្តល់នូវកិច្ចសហប្រតិបត្តិការល្អជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាពេលកន្លងមក រហូតទទួលបាននូវសមិទ្ធផលដ៏ធំធេង។ ពិតណាស់ សមិទ្ធផលនេះបានជួយលើកកម្ពស់ជីវភាពរបស់ពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែមានភាពប្រសើរឡើង ពិសេសការរួមផលិស្បៀងបម្រើឱ្យវិស័យទេសចរណ៍ក្នុងខេត្តទឹកដីអង្គរដ៏បវររុងរឿង និងរួមចំណែកអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា “ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា” ។ ជាមួយនឹងសមិទ្ធផលដែលសម្រេចបានជាវិជ្ជមាននេះ ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា ការអនុវត្តការងារកន្លងមក នៅមានភាពខ្វះខាត ឆកល្វែង និងយឺតយ៉ាវលើការងារមួយចំនួន ដែលទាមទារឱ្យយើងទាំងអស់គ្នារួមគ្នាដោះស្រាយឱបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ហើយចាំបាច់ត្រូវរៀនសូត្រពីគ្នាទៅវិញទៅមក ដកស្រង់បទពិសោធន៍ទាំងអាក្រក់ និងល្អពីអតីតកាល រួចកែលម្អតម្រង់ទិសសម្រាប់អនុវត្ត និងទទួលបានផលវិជ្ជមានទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។ ដើម្បីបន្តអនុវត្តផែនការ និងទិសដៅអនុវត្តបន្តទទួលបានជោគជ័យ ឯកឧត្តមរដ្ឋមន្រ្តីបានដាក់ចេញនូវចំណុចគន្លឹះមួយចំនួនជាមូលដ្ឋានសម្រាប់មន្ទីរយកទៅអនុវត្តបន្តដូចតទៅ៖
ទី១. ត្រូវបន្តលើកម្ពស់ការងារបង្កើនផលិតភាពផលិតកម្មកសិកម្ម ពិពិធភាវូបនីយកម្ម និងការធ្វើពាណិជ្ជកម្មក្នុងវិស័យ កសិកម្ម តាមរយៈការបង្វែរទិសដៅ ពីការអភិវឌ្ឍន៍តាមបែប “វិបុលវប្បកម្ម” ទៅកាន់ការអភិវឌ្ឍន៍តាមបែប “ប្រពលវប្បកម្ម” ដើម្បីបង្កើនទិន្នផល ធានាគុណភាព សន្តិសុខស្បៀង និងបង្កើនប្រាក់ចំណូល ឆ្លើយតបទៅនឹងតម្រូវការ។
ទី២. បន្តជំរុញការងារផ្ទេរបច្ចេកទេសទំនើបសមស្របទៅតាមកំណើនសេដ្ឋកិច្ច ប្រជាជន និងការវិវឌ្ឍន៍របស់ប្រទេសលើគ្រប់មុខជំនាញពាក់ព័ន្ធនឹងផលិតកម្មដំណាំ ពិសេសដំណាំស្រូវ បន្លែ ការចិញ្ចឹមសត្វ វារីវប្បកម្ម ការប្រើពូជ ជី ថ្នាំ និងលើកកម្ពស់គុណភាពដីសមស្របតាមប្រភេទដំណាំ ប្រភពទឹក និងការប្រែប្រួលអាកាសធាតុ។ ពិនិត្យលើសកម្មភាពការងារអភិវឌ្ឍកសិដ្ឋាន ស្ថានីយពិសោធន៍កសិកម្ម និងមជ្ឈមណ្ឌលពិសោធន៍កសិកម្មដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងការបណ្តុះ បណ្តាល ស្រាវជ្រាវ និងផ្សព្វផ្សាយ ក៏ដូចជាការផ្ទេរបច្ចេកទេសទំនើបទាន់សម័យឱ្យដល់ដៃអ្នកផលិត។
ទី៣. ត្រូវជំរុញ និងលើកទឹកចិត្តឱ្យអនុវត្តប្រព័ន្ធ “ផលិតកម្មកសិកម្មតាមកិច្ចសន្យា” ដើម្បីលើកកម្ពស់គុណភាពកសិផលប្រកបដោយភាពប្រកួតប្រជែង ធានាសុខុមាលភាពសាធារណៈ អនុវត្តកសិកម្មល្អដោយភាពវៃឆ្លាត និងបង្កើនការផ្តល់សេវាពត៌មានទីផ្សារកសិកម្មឲ្យកាន់តែទូលាយ និងទាន់ពេលវេលា។
ទី៤. ត្រូវសហការជាមួយមន្ទីរពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដើម្បីចាត់វិធានការទប់ស្កាត់ និងបង្រ្កាបឲ្យទាន់ពេលវេលានូវការនាំចូលសត្វ និងសាច់សត្វ ខូចគុណភាព បទល្មើសព្រៃឈើ ជលផល និងសម្ភារកសិកម្មខុសច្បាប់ផងដែរ។
ទី៥. ពង្រឹងសាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់អនុវត្តភារកិច្ចក្នុងស្មារតីទទួលខុសត្រូវ ធានាបានប្រសិទ្ធភាពខ្ពស់ ដោយអនុលោមតាមក្រមសីលធម៌ដូចមានចែងក្នុងជំពូកទី៥ ពីមាត្រាទី ៣៣-៣៨ ក្នុងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។ ត្រូវគ្រប់គ្រង មើលថែរក្សាទ្រព្យសម្បត្តិរដ្ឋឱ្យបានគង់វង្សល្អ។
ទី៦.តាមដានសភាពការណ៍ប្រចាំថ្ងៃ ជាពិសេសយោបល់របស់ប្រជាជន និងការវាយប្រហារចេញពីសង្គមស៊ីវិល ឬចេញពីផ្ទៃ ប្រភពផ្សេងៗ និងបញ្ហាប្រឈមផ្សេងៗទៀត ដើម្បីតាមដានស្ថានការណ៍ ឬសភាពការណ៍ទាំងនយោបាយ សង្គម សេដ្ឋកិច្ច និងបច្ចេកទេស ហើយគួរមានបណ្តាញទទួលនូវព័ត៌មាន និងសំណូមពរ របស់សហគមន៍ សង្គមស៊ីវិលនិងដៃគូ ទាំងអស់ ដើម្បីយកមកពិនិត្យ និងដោះស្រាយឱ្យបានទាន់ពេលវេលា ទូលំទូលាយ និងមានប្រសិទ្ធភាព។
ចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តីបានបំពាក់គ្រឿងឥស្សរិយយសការងារជូនដល់មន្រ្តីរាជការ និងផ្តល់វត្ថុអនុស្សាវរីយជូនដល់និវត្តន៍ជនចំនួន ១២៣នាក់ ដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណរគុណ ជាពិសេសដើម្បីបង្ហាញពីវប្បធម៌គោរព ស្រលាញ់ និងយកចិត្តទុកដាក់ចំពោះគុណូបការរបស់មន្រ្តីរាជការដែលបានខិតខំលះបង់គ្រប់បែបយ៉ាងដែលបានបម្រើការងារជូនជាតិ មាតុភូមិនិងប្រជាជន។