នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីកែលម្អបន្ថែមទៀតនូវការផ្តល់សេវាសាធារណៈតាមប្រព័ន្ធ Online។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការសម្រួលរបៀបធ្វើបរិវត្តកម្មឌីជីថល ដើម្បីឱ្យការផ្តល់សេវាសាធារណៈ កាន់តែងាយស្រួល អាចប្រើបានគ្រប់គ្នា និងរហ័សទាន់ពេលវេលា ជូនដល់សាធារណជន។
បើតាមឯកឧត្តមរដ្ឋមន្ត្រី ការប្រើប្រាស់ ប្រព័ន្ធ CamDigiKey ជាមួយថ្នាល CamDx នៃគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដោយប្រើប្រាស់ទិន្នន័យមានស្រាប់ដោយឆ្លាតវៃ នឹងធ្វើឱ្យការផ្តល់សេវាតាមប្រព័ន្ធ Online កាន់តែងាយស្រួលនិងមានសុវត្ថិភាពខ្ពស់។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រទាំងស្រុងនូវការអភិវឌ្ឍនិងប្រើប្រាស់ឱ្យអស់លទ្ធភាពនូវប្រព័ន្ធ CamDx និង CamDigiKey៕