លោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ទៅកាន់មន្ត្រីកសិកម្មខេត្ត ក្រុងឲធ្វើសកម្មភាពឲបានកាន់តែច្រើនឡើង ដោយផ្តោតទៅលើការធើ្វយ៉ាងណាជំរុញដល់ការធានាផ្គត់ផ្គង់សាច់ ស៊ុត នៅក្នុងមូលដ្ឋានរបស់ខ្លួនជាជាងការពឹងផែ្អកទៅលើការនាំចូលពីខាងក្រៅ។
ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារផលិតកម្ម និងបសុព្យាបាលឆ្នាំ២០០៩ កាលពីថៃ្ងទី២ ខែកុម្ភៈ លោកច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំទៅកាន់មន្ត្រីក្រសួងកសិកម្មខេត្ត ការិយាល័យកសិកម្មស្រុកនៅទូទាំងប្រទេស ត្រូវតែគណនាអំពីតំរូវការសាច់ ស៊ុត នៅលើទីផ្សារនៅក្នុងមូលដ្ឋាន របស់ខ្លួនដោយប្រៀបធៀបជាមួយតំរូវការជាក់សែ្តង និងលទ្ធភាពនៅក្នុងការផ្គត់ផ្គង់។ ជាមួយនេះត្រូវតែពិចារណាពីការធ្វើយ៉ាងណាជំរុញដល់ប្រជាជន និងកសិដ្ឋានក្នុងការចិញ្ចឹមសត្វ ដើម្បីផ្តត់ផ្គង់ទៅលើទីផ្សារវិញ។
ការថ្លែងនេះត្រូវបានកត់សំគាល់ផងដែរ ជាមួយនឹងតួលេខក្នុងការចិញ្ចឹមសត្វជ្រូក មាន់ ក្របីមានការធ្លាក់ចុះ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថាត្រូវបំផុស និងផ្សព្វផ្សាយការចិញ្ចឹមសត្វ ការផលិតចំណីសត្វ។ ការងារនេះត្រូវពង្រឹង ហើយមន្ទីរកសិកម្ម និងការិយាល័យកសិកម្មត្រូវតែសហការសាមគ្គីគ្នា ដើម្បីធើ្វកិច្ចការ ទាំងនេះ។ លោកបានបន្តទៀតថា ការរៀបចំគោលនយោបាយអភិវឌ្ឍន៍វិស័យផលិតកម្ម និងបសុព្យាបាលត្រូវតែរួសរាន់ ដើម្បីជាការប្រកួតប្រជែងជាមួយទីផ្សារ អន្តរជាតិ។ ជាមួយមន្ទីរ ការិយាល័យកសិកម្មត្រូវតែធ្វើបច្ចុប្បន្នភាព សត្វក្នុងមូលដ្ឋាន ដែលក្នុងនោះរាប់ទាំងការចិញ្ចឹមតាមគ្រួសារ កសិដ្ឋាន បសុដ្ឋាន ឳសថសត្វ រោងចក្រផលិតចំណីសត្វ។ ជំរុញការងារស្រាវជ្រាវគ្រប់គ្រង ដើម្បីធ្វើឲវិស័យចិញ្ចឹមសត្វកាន់តែមានការប្រែប្រួលថែមទៀត។ លោករដ្ឋមន្ត្រីបានសើ្នឲមានការយកចិត្តទុកដាក់ផងដែរដល់ភ្នាក់ងារសុខភាពសត្វភូមិ ព្រោះនេះជាកំលាំងស្នូលនៅមូលដ្ឋានផ្ទាល់ និងជាអ្នកធ្វើឲ មានការប្រែប្រួលដោយផ្ទាល់ទាំងលើការចិញ្ចឹម និងបញ្ហាសុខភាពសត្វ។