ឯកឧត្ដមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ដ្រីជំនាញបានទៅពិនិត្យ សកម្មភាពធ្វើស្រូវប្រពលវប្បកម្ម តាមគោលការណ៏ធម្មជាតិ(ប.វ.ស.) និងជួបជាមួយកសិករ ចំនួន១០០គ្រួសារ នៅឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ មន្ដ្រីកសិកម្មបានអះអាងថា នេះជាផ្នែកមួយ ដើម្បីលើកទឹកចិត្ដកសិករ និងដើម្បីពិនិត្យមើលស្ថានភាពបង្កបង្កើនផលផងដែរ ។
នៅទីនោះ លោកប្រធានមន្ទីរខេត្ដកសិកម្មខេត្ដព្រៃវែង បានជម្រាបជូន ឯកឧត្ដមរដ្ឋមន្ដ្រីថា ឆ្នាំនេះទឹកភ្លៀង មានការយឺតយ៉ាវទឹកទន្លេមេគង្គឡើងយឺតជាងឆ្នាំមុន ធ្វើឱ្យការងារបង្កបង្កើន ផលមានការយឺតជាងឆ្នាំ២០០៩ ។
មកដល់ពេលនេះទើបសម្រេចបាន២៥ភាគរយ នៃផែនការប៉ុណ្ណោះ ។ ដោយប្រឈមនឹងបញ្ហាទឹកមន្ទីរបានបំផុស ឱ្យកសិករប្រើពូជស្រូវស្រាល មិនប្រកាន់រដូវចៀសវាងមានបញ្ហានៅចុងរដូវដែលបញ្ហានេះកំពុងតែជំរុញ ។
បន្ទាប់ពីស្ដាប់មន្ដ្រីកសិកម្ម និងកសិករនៅមូលដ្ឋានលើកឡើងពិអ្វីដែលពួកគេបាននិងកំពុងជួបប្រទះនោះ ឯកឧត្ដម រដ្ឋមន្ដ្រីបានផ្ដល់ឱកាស លោកងិន ឆាយ ប្រធាននាយកដ្ឋានដំណាំស្រូវ និងលោកឌី សំអានធ្វើការពន្យល់ដល់កសិករនូវបទពិសោធន៏ក្នុងការការពារនិងកម្ចាត់សត្វមមាចត្នោត ។ មានវិធីសាមញ្ញដែលអាចយកទៅប្រើដើម្បីកម្ចាត់មមាចត្នោតនោះមាន ដូចជាប្រើស្បៃ មុងអូស ការបញ្ចូលទឹកក្នុងប្រេងកាតលាយជាមួយដីខ្សាច់រួចយកទៅបាចចូលទៅក្នុងស្រែ ការប្រើឧសថបុរាណសម្បក-ស្លឹកស្ដៅ វល្លិ៏បណ្ដូលពេជ្រ ទឹកនោមសត្វ ថ្នាំជក់ លាយបញ្ចូលគ្នារួចយកទៅបាញ់ ។
មានមតិសំណេះសំណាលដល់បងប្អូនប្រជាកសិករ ឯកឧត្ដមរដ្ឋមន្ដ្រីបាន បញ្ជាក់ជូនថា ភ្លៀងធ្លាក់យឺតដូច្នេះមន្ទីរត្រូវរូតរះឱ្យកសិករប្ដូរពីពូជស្រូវធ្ងន់មកស្រូវស្រាលវិញ ការពារក្រែងមានបញ្ហាទឹកនៅចុងរដូវ ។ ចំពោះតំបន់ដែលដែលបានស្ទូងរួចតែ ខ្វះទឹកមន្ទីរត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្មជំរុញការងារដោះស្រាយទឹកឱ្យប្រជាកសិករ ។ ចំពោះកន្លែងមានទឹកមន្ទីរក៏ត្រូវជំរុញការងារដកស្ទូងឱ្យបានទាន់ពេលវេលា ប្រការក្រែងសំណាបចាស់ ហើយយឺតពេលសម្រាប់ស្រូវលូតលាស់ ។
ដោយឡែក ឯកឧត្ដម រដ្ឋមន្ដ្រីបានបន្ថែមថា បើទោះបីខេត្ដព្រៃវែងមិនទាន់មានមមាចត្នោតកើតឡើងក៏ដោយ ក៏ប៉ុន្ដែត្រូវមានវិធានការការពារជាមុន។ពិសេសសំណាបដែលយកទៅស្ទូងត្រូវពិនិត្យមើលឱ្យបានល្អិតល្អន់បើមានវត្ដមានមមាចត្នោតត្រូវយកសំណាបទៅត្រាំទឹកសម្បកស្ដៅឱ្យលិចបង្កៀបស្រូវ ឬក៏ដកយកសំណាបណាដែលមានសុខភាពល្អទៅស្ទូងទើបជាការល្អ។ ការចុះទៅមើលស្រែឱ្យបានជាប់ជាប្រចាំគឺជាប្រការចាំបាច់បំផុត ។ ឯកឧត្ដមបានរំលឹកទៀតថា តំបន់ណាមានទឹកត្រូវជំរុញដកស្ទូងឱ្យទាន់ពេលវេលាកុំទុកដីឱ្យនៅទំនេរ ។ ដោយសារឆ្នាំយើងមានបញ្ហាទឹក ដូច្នេះចំពោះស្រែដែលមានទឹកត្រូវលើកភ្លឺទប់រក្សាទឹកក្នុងស្រែឱ្យបានគង់វង្សចៀសវាងបណ្ដោយឱ្យហូរចោលឥប្រយោជន៏ ។ ជាមួយនេះមន្ទីរត្រូវជំរុញការងារ ប.វ.ស ឱ្យបានគ្រប់ទីកន្លែង ៕