នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នៅវេលាម៉ោង ០៨:៣៥នាទី ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។
ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវសមានទុក្ខ អាឡោះអាល័យ និងក្តីសង្វេគជាពន្លឹក និងសូមចូលរួមរំលែកទុក្ខដ៏កៀមក្រំជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារញាតិមិត្តបងប្អូនសាច់សាលោហិត។ មរណភាពរបស់ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល គឺជាការបាត់បង់ឧត្តមស្វាមី ឪពុក ឪពុកក្មេក ជីតាជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ដ៏ល្អប្រពៃ ហើយក៏ជាការបាត់បង់នូវឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូបដែលបានលះបង់កម្លាំងកាយចិត្ត បញ្ញា និងស្មារតីចូលរួមចំណែកការពារឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដីក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសបានដង្ហែតាមអង្គព្រះមហាក្សត្រក្នុងការដឹកនាំប្រទេសជាតិមាតុភូមិកម្ពុជាដ៏បវររុងរឿងឆ្ពោះទៅរកសេចក្តីសុខ សន្តិភាព និងអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។
ដោយឡែក ក្នុងនាមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងអំឡុងឆ្នាំ១៩៨១ ដល់ ១៩៨៦ និងឆ្នាំ១៩៩៣ ដល់ ១៩៩៤ សម្ដេចចៅហ្វាវាំង បានស្តារនិងអភិវឌ្ឍន៍វិស័យកសិកម្ម ដេីម្បីធានាឱ្យបាននូវសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត ការបង្កេីតស្ថានីយបង្កាត់ពូជគោ ការបង្កេីតក្រុមការងាររៀបចំដីកសិកម្មឡេីងវិញ ការធ្វេីកំណែទម្រង់និងរៀបចំហេដ្ឋារចនាសម្ព័ន្ធក្រសួង ព្រមទាំងបានធ្វេីការនាំចេញនូវកសិផលទៅក្រៅប្រទេសដេីម្បីដោះដូរនូវសម្ភារដែលជាតម្រូវការចាំបាច់សម្រាប់កម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមឧទ្ទិសបួងសួងជូនវិញ្ញាណក្ខន្ធសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានអញ្ជេីញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ៕