ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ប្រជាពលរដ្ឋផ្លាស់ប្ដូរទម្លាប់ខ្លះ នៅក្នុងការធ្វើស្រែ ដើម្បីប្រឈមមុខ នឹងបម្រែបម្រួលអាកាសធាតុ។
ឯកឧត្ដបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំយ៉ាងដូច្នេះ ទៅប្រជាពលរដ្ឋ នៅក្នុងអំឡុងពេល ដែលឯកឧត្ដម ចុះទៅពិនិត្យប្រឡាយ និងការបូមទឹកសង្គ្រោះការរាំងស្ងួត៣ឃុំ នៅស្រុកបាទី កាលពីថ្ងៃទី២៤ ខែកញ្ញាកន្លងទៅនេះថា ទម្លាប់ខ្លះៗនៅក្នុងការធ្វើស្រែគួរតែផ្លាស់ប្ដូរ។
ឯកឧត្ដមបានបញ្ជាក់ថា ”កសិករគួរបញ្ឈប់ធ្វើសំណាបរង់ចាំទឹកគឺត្រូវធ្វើដីរង់ចាំសំណាបវិញម្ដង” ។ តាមប្រសាសន៏ របស់ឯកឧត្ដមរដ្ឋមន្ដ្រី ដើម្បីជំរុញ ឱ្យផលិតកម្មស្រូវរបស់ខ្លួន កសិករគួរបោះបង់ចោល នូវពូជស្រូវធ្ងន់ ហើយងាកមករកពូជស្រូវស្រាលវិញ ហើយការប្រើប្រាស់សំណាបក៏គួរតែផ្លាស់ប្ដូរផងដែរ ។
សំណាបដែលចាស់ជ្រុលទិន្នផលស្រូវមិនល្អទេ តែបើខ្វះសំណាបវិញ គួរយកវាមកស្ទូងឱ្យញឹក។ ឯឧត្ដមបានពន្យល់ថា "គួរតែបោះចោលសំណាបស្រូវធ្ងន់ដែលវាចាស់ ហើយងាកទៅប្រើប្រាស់ សំណាបស្រូវស្រាលដែលខ្ចី ពីព្រោះវាអត់ប្រកាន់រដូវទេ" ។
ឯកឧត្ដមបានឱ្យដឹងថា សូមឱ្យកសិករទាំងអស់ យកវិបត្ដិ និងបទពិសោធន៏ ដែលកើតមានឡើងនៅ ពេលនេះទៅជាឱកាស ដើម្បីប្ដូរពូជ និងទម្លាប់ថ្មីសម្រាប់ឆ្នាំក្រោយៗ។ នៅក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្ដ្រី ក៏បានស្នើសុំឱ្យកសិករកាត់បន្ថយការប្រើប្រាស់ជីគីមី ជំនួសវាដោយជីធម្មជាតិ។
ឯកឧត្ដម ក៏បានស្នើឱ្យបមន្ទីរកសិកម្ម នៅតាមខេត្ដ ឱ្យបញ្ជូនមន្ដ្រីជំនាញ ចុះទៅជួយណែនាំ និងស្រង់ចំនួនគ្រួសារ ដែលស្ម័គ្រចិត្ដខ្ចីពូជស្រូវ ដែលជាប្រភេទស្រូវស្រាល មិនប្រកាន់រដូវ។ កសិករដែលប្រទះ នឹងបញ្ហាកង្វះខាតពូជ អាចនឹងចុះឈ្មោះខ្ចីបាន ដោយនៅក្នុងមួយគ្រួសារអាចទទួលបាន១២គីឡូក្រាម។
ខណៈដែលឯកឧត្ដមរដ្ឋមន្ដ្រី អញ្ជើញទៅទីនោះ អាជ្ញាធរឃុំបានសំណួមពរឱ្យឯកឧត្ដមរដ្ឋមន្ដ្រី ជួយបន្ដស្ដារប្រឡាយយកទឹកបន្ថែម ចំនួនប្រវែង២.០០០ម៉ែត្រនិងសុំម៉ាស៊ីនទឹកចំនួន២គ្រឿងបន្ថែមទៀត លើចំនួនម៉ាស៊ីនដែលមានរួចមកហើយចំនួន៤គ្រឿង។ សំណូមពរនេះត្រូវបានឯកឧត្ដមទទួលយក និងបញ្ជាឱ្យអង្គភាពជំនាញបញ្ជូនគ្រឿងចក្របន្ថែមមកជួយឱ្យបានទាន់ពេលវេលាផងដែរ។
យោងតាមរបាយការណ៏ របស់មន្ទីរកសិកម្មខេត្ដតាកែវ ស្រុកបាទី គឺជាស្រុកមួយ ដែលកំពុងតែរងគ្រោះនឹងគ្រោះរាំងស្ងួត។ ប្រភពដដែលនោះបានឱ្យដឹងថា នៅទូទាំងស្រុកបាទីទាំងមូលមានផ្ទៃដីបង្កបង្កើនផលប្រមាណជា១៧.៥៧៦ហត ប៉ុន្ដែគ្រោះរាំងស្ងួត បានកំពុងតែធ្វើឱ្យខូចខាត ដល់សំណាប៦៦២ហិកតា និងសន្ទូងប្រមាណចា ១.៤៦២ហិកតា៕