នៅព្រឹកថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុនរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យ កិច្ចដំណើរ និងសង្វាក់ផលិតកម្ម ទីសត្តឃាតដ្ឋាន ការវិចខ្ចប់ និងឃ្លាំងត្រជាក់ស្តុកសាច់ មុនការបញ្ចេញលក់ក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស របស់ក្រុមហ៊ុន អេសអិលអិន មីតសឺបផ្លាយ ភីធីវ៉ាយ អិលធីឌី ស្ថិតនៅភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សូមបញ្ជាក់ថា ក្រុមហ៊ុននេះបានបោះទុនវិនិយោគចំនួនជាង៣០លានដុល្លារអាមេរិក ដោយបានចាប់ដៃគូដ៏ធំមួយរបស់ប្រទេសអូស្ត្រាលី គឺក្រុមហ៊ុន Frontier International Agri តំណាងដោយលោក Tony Gooden ដើម្បីនាំគោរស់ដោយផ្ទាល់ពីប្រទេសអូស្ត្រាលីមកកាន់ប្រទេសកម្ពុជា ជាមួយនឹងការបំពាក់បច្ចេកវិទ្យាទំនើប។ តាមរយៈការវាយតម្លៃ ក្នុងដំណើរចុះត្រួតពិនិត្យនេះ គឺបានបង្ហាញឲ្យឃើញថាក្រុមហ៊ុនមានជួបបញ្ហាប្រឈម ទៅនឹងការខ្វះខាតការសហការពេញលេញ ពីបណ្តាក្រសួងពាក់ព័ន្ធ ជាមួយនឹងពុំមានការបញ្ជារទិញពីបណ្តាប្រទេសគោលដៅដែលត្រូវនាំចេញទាក់ទងទៅនឹងពុំមានការគាំទ្រពីភ្នាក់ងារអនាម័យ និងភូតគាមអនាម័យនៃបណ្តាប្រទេសនោះ ដែលពេលនេះទាមទារឲ្យក្រសួងពាក់ព័ន្ធត្រូវជួយអន្តរាគមន៍ជាបន្ទាន់។ ផ្ទុយមកវិញប្រសិនបើពុំមានការដោះស្រាយបានទាន់ពេលវេលានោះទេ គឺរោងចក្រនេះនឹងអាចឈានទៅបិទទ្វាររោងចក្រ និងបញ្ឈប់កម្មកររាប់រយនាក់ នាពេលខាងមុខដ៏ខ្លី។