នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំ អនុគណៈកម្មការ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក ដើម្បីពិភាក្សា នៃភាពជាដៃគូ និងយុទ្ធសាស្ត្រ រវាងភាគីទាំង២ ដោយ ផ្តោតលើក្របខណ្ឌគោលនយោបាយនៃកិច្ចសហការក្នុងឆ្នាំ២០២១-២០២៤ និងពិនិត្យលើអាទិភាពសម្រាប់ឆ្នាំ២០២៥-២០២៧។
អង្គប្រជុំបានពិភាក្សា និងធ្វើបច្ចុប្បន្នភាព ពាក់ព័ន្ធនឹងវិស័យកសិកម្ម រួមទាំងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោង CAPFISH, CAPSAFE, ASPIRE និងគម្រោងដែល Team EU Initiative on Green Agribusiness។
គួរកត់សម្គាល់ថា នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ប្រាក់ ដាវីដ បានធ្វើបទអន្តរាគមន៍ ស្តីពី វឌ្ឍនភាព នៃការអនុវត្តគម្រោងខាងលើ និងបានពិភាក្សាលើចំនុចពាក់ព័ន្ធនិងបញ្ហាប្រឈមមួយចំនួនដូចជា ច្បាប់ស្តីពី ជលផល សុវត្ថិភាពចំណីអាហារ និងការចុះបញ្ជីទូកនេសាទជាដើម ដើម្បីជំរុញឱ្យការអនុវត្តគម្រោងកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ សម្រាប់ជាផលប្រយោជន៍នៃភាគីទាំង២៕