ការជួបជុំ ការជូនជាអំណោយ និងការជូនជាយោបល់មួយ ត្រូវបានធ្វើឡើងនៅក្នុងថ្ងៃតែមួយ តែដោយឡែកពីគ្នា ចំនួន៣កន្លែង ត្រូវបានធ្វើឡើងកាលពីដើមសប្តាហ៏នេះ ក្រោមការចូលរួមដោយផ្ទាល់ ពីសំណាក់ ឯកឧត្តម បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវព្រមទាំងមន្ត្រីក្រុមការងាររបស់ឯកឧត្តម ។
ឯកឧត្តម លោកជំទាវ ព្រមទាំងមន្ត្រីក្រុមការងារ បានអញ្ជើញចូលរួម ក្នុងពិធីកាន់បិណ្ឌ វត្ត អង្គសង្កែ ឃុំត្រពាំងក្រញូង ចូលរួមជួបជាមួយចាស់ជរា ចំនួន២០០នាក់ លោកគ្រូ អ្នកគ្រូចំនួន១៧៥នាក់ ទូទាំងឃុំលាយបូរ សិស្សានុសិស្សចំនួន ២០០នាក់់ និងប្រគល់តុសិស្ស ៩៨ដល់សាលា ចំនួន៥ ក្នុង ឃុំលាយបូរ និងចូលរួមក្នុងពិធីបើកបវេសនកាល២០១០-២០១១ ផ្តល់រង្វាន់សិស្សពូកែចំនួន ១២១នាក់ គ្រូបង្រៀនមានស្នាដៃចំនួន២៨៦នាក់ និងប្រគល់តុសិស្សចំនួន ១០០ ដល់វិទ្យាល័យ ១ ឧសភា ក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ ។
នៅគ្រប់កម្មវិធី ដែលឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចូលរួម ឯកឧត្តម បានទូលប្រគេនព្រះសង្ឃ និងប្រាប់ដល់ប្រជាពលរដ្ឋនៅទីនោះ អំពីការគិតគូររបស់ប្រមុខគណបក្សប្រជាជន គឺសម្តេចទាំងបីរ ប្រមុខរាជរដ្ឋាភិបាល ចំពោះជីវភាពរបស់ប្រជាជន និងសមិទ្ធិនានាដែលរាជរដ្ឋាភិបាលសម្រេចបាននិងកំពុងដំណើរការកសាង និងអភិវឌ្ឍន៏នាពេលនេះ ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់ជូនកសិករផងដែរ ទាក់ទងទៅនិងការបង្កបង្កើនផល ដែលក្នុងនោះគឺការផ្លាស់ប្តូរពូជ សម្រាប់ឆ្នាំក្រោយ ការថែទាំស្រូវនាពេលនេះ ការគ្រប់គ្រងទឹក និងការទុកដាក់ផលស្រូវ។ សំខាន់ជាងនេះ គឺការប្រើប្រាស់ផ្ទៃដី ដែលមានស្រាប់ឲ្យអស់លទ្ធភាពតាមរយៈការរើសពូជពូវស្រាល ការដាំដំណាំផ្សេងៗដែលត្រូវការទឹកតិច និងមានទីផ្សាល្អ ។ ឯកឧត្តមបានពន្យល់ថា មានតែការផ្លាស់ប្តូទម្លាប់និងបច្ចេកទេសទេ ទើបអាចជំរុញបានដល់ការធ្វើអោយកម្ពុជា ក្លាយជាប្រទេសដែលនាំចេញអង្ករនាឆ្នាំ២០១៥ខាមុខ ៕