នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យនាយកក្រុមហ៊ុន ហ័រឡុងតូជឺជីទួន (ខេមបូឌា) ឯ.ក និងសហការីចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ។ កម្មវត្ថុនៃជំនួបនាពេលនេះ គឺដើម្បីសិក្សាស្វែងយល់ពីឱកាសវិនិយោគលើវិស័យកសិកម្ម និងបង្កើតវិទ្យាស្ថានស្រាវជ្រាវដំណាំត្រូពិច។
ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវ កិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ប្រតិភូ និងគាំទ្រចំពោះកម្មវត្ថុវិនិយោគលើវិស័យកសិកម្ម ស្របពេលដែលវិស័យមួយនេះបាននិងកំពុងត្រូវការអភិវឌ្ឍលើអនុវិស័យសំខាន់ៗ មួយចំនួនដូចជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការងារស្រាវជ្រាវ និងការកែច្នៃកសិផល។ល។ ឆ្លើយ តបតាមតម្រូវការទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ លើសពីនេះវិស័យកែច្នៃកសិផលនឹងត្រូវ បានលើកកម្ពស់ មានតម្លៃផ្នែកសេដ្ឋកិច្ច ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ជាពិសេសស្រូបយកពលកម្មក្នុងស្រុក និងបង្កើនប្រាក់ចំណូល។ល។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឲ្យវិស័យឯកជនចិនចូលរួមវិនិយោគឲ្យបានពេញលេញលើគ្រប់ខ្សែច្រវាក់ផលិតកម្ម កែច្នៃ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ធ្វើយ៉ាងណាច្បាមយកកាលានុវត្តភាព ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងនិរន្តរភាពផលិតកម្មកសិកម្ម ហើយសង្ឃឹមថាកសិផលកម្ពុជា នឹងមាន ឱកាសបង្ហាញខ្លួននៅលើទីផ្សារអន្តរជាតិកាន់តែច្រើនថែមទៀត ពិសេសទីផ្សារចិន ដោយឈរ លើស្តង់ដារគុណភាព សុវត្ថិភាព និងការប្រកួតប្រជែង។
នាឱកាសនេះលោកនាយកក្រុមហ៊ុន បានលើកឡើងថាកសិកម្មកម្ពុជាមានសក្តានុពល ប៉ុន្តែ បញ្ហានៅត្រង់ថាមិនទាន់បានប្រើបច្ចេកវិទ្យាដើម្បីបង្កើនផលិតភាពផលិតកម្ម ការងារស្រាវជ្រាវ និងកែច្នៃ ហេតុដូច្នេះហើយក្រុមហ៊ុនបានអញ្ជើញវិទ្យាស្ថានសំខាន់ៗចំនួនបីមកធ្វើការសិក្សាស្រាវជ្រាវទាក់ទងដំណាំឈើហូបផ្លែតំបន់ត្រូពិច វិទ្យាស្ថានទាំងបីនោះគឺ៖ ១- វិទ្យាស្ថានស្រាវជ្រាវដំណាំអនុតំបន់ត្រូពិចខាងត្បូង ២- វិទ្យាស្ថានស្រាវជ្រាវ និងកែច្នៃផលិតផលកសិកម្ម និងទី៣- Chinese Academy of Tropical Agricultural Science។ ករណីនេះ លោកនាយកក្រុមហ៊ុនបានស្នើក្រសួងជួយពិនិត្យពិចារណាទីតាំងដីសម្រាប់ធ្វើការរៀបចំសាងសង់វិទ្យាស្ថាន ។ លោកបញ្ជាក់បន្ថែមថា ក្រោយពេលស្ថានភាពជំងឺឆ្លងកូវីដ-១៩ បានល្អប្រសើរ ដំណើរការសកម្មភាពវិនិយោគនឹងចាប់ផ្តើមជាជំហានៗតាមផែនការដែលបានគ្រោងទុក។ ឆ្លៀតយកឱកាសនេះ ក្រុមហ៊ុនក៏បានសុំការណែនាំពីឯកឧត្តមរដ្ឋមន្រ្តីផងដែរទាក់ទងគម្រោងវិនិយោគនេះ។
បន្ទាប់ពីបានទទួលព័ត៌មានដោយសង្ខេបពីលោកនាយកក្រុមហ៊ុនរួចមក ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវកិច្ចស្វាគមន៍ និងគាំទ្រចំពោះកម្មវត្ថុវិនិយោគលើវិស័យកសិកម្មរបស់ក្រុមហ៊ុននាពេលអនាគត។ ករណីនេះ ឯកឧត្តមរដ្ឋមន្ត្រីសន្យាថានឹងផ្តល់កិច្ចសហការដោយមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការរបស់ក្រសួងជាស្ថាប័នអនុវត្តផ្ទាល់ ធ្វើយ៉ាងណាឲ្យគម្រោងវិនិយោគ និងការបង្កើតវិទ្យាស្ថានស្រាវជ្រាវវិស័យកសិកម្មចម្រុះ ដោយឡែកដំណាំត្រូពិច និងការកែច្នៃកសិផលទទួលបានជោគជ័យ ដែលទាមទារចាំបាច់ត្រូវប្រើបច្ចេកវិទ្យា និងធនធានមនុស្ស ហើយពិតណាស់កិច្ចការនេះក៏ចាំបាច់ត្រូវមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធមន្រ្តីជំនាញទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ជាពិសេសប្រជាកសិករ ធ្វើយ៉ាងណាឲ្យពួកគេអាចទទួលយកបច្ចេកវិទ្យាសម ស្របយកទៅអនុវត្តទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល។ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យក្រុមហ៊ុនសហការរៀបចំឯកសារពាក់ព័ន្ធជាមួយនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអគ្គនាយកដ្ឋានកសិកម្ម មុនឈានទៅធ្វើការចុះហត្ថលេខាអនុស្សរណ:នៃការយោគយល់គ្នា។