នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំនៅតំបន់សមុទ្រនៃខេត្តកំពត និងខេត្តកំពង់ស្ពឺ ក្រោមកិច្ចសហការជាមួយ អង្គការដៃគូនៅសាលាស្រុកទឹកឈូ ខេត្តកំពត។
ឯកឧត្តម ខាត់ សុធី បានថ្លែងទៅកាន់អង្គពិធីថា ក្រុមការងារជំនាញបានសហការ ជាមួយអង្គការហេទ្បែន ខេលល័រ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ/សង្កាត់ នៅតំបន់សមុទ្រនៃខេត្តកំពត និងខេត្តកំពង់ស្ពឺ ដែលមានការគាំទ្រមូលនិធិដោយ GIZ-MUSEFO ដោយបានបើកវគ្គបណ្តុះបណ្តាលរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។
ឯកឧត្តម បានសម្ដែងការកោតសរសើរទៅដល់សិក្ខាកាមទាំងអស់ដែលបានចំណាយពេលចូលរួមសិក្សាមេរៀនថ្មីៗល្អៗ និងបានលើកជាសំណួរទៅកាន់លោកគ្រូសម្របសម្រួល ធ្វើឱ្យវគ្គបណ្តុះបណ្តាលនេះមានសកម្មភាពផុសផុល។
បន្ថែមពីនេះ ឯកឧត្តម ក៏មានចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើខ្លឹមសារបច្ចេកទេសរបស់មេរៀននីមួយៗដែលនាយកដ្ឋានជំនាញបានលើកយកមកបង្រៀន និងជំរុញលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឱ្យមានបេះដូងចេះស្រឡាញ់កសិករ សហគមន៍ និងប្រទេសជាតិ។
ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ មន្ត្រីកសិកម្ម នឹងមានលទ្ធភាពជួយស្វែងរកដំណោះស្រាយ ផ្តល់ជូននូវបច្ចេកទេសវៃឆ្លាតក្នុងវិស័យកសិកម្ម យល់ដឹងពីវិធីសាស្ត្រធ្វើការជាមួយសហគមន៍ អាចជួយសម្របសម្រួលរវាងកសិករ និងស្វែងរកទីផ្សារជូនដល់ប្រជាកសិករបានល្អ៕