ឯកឧត្ដមបណ្ឌិត ច័ន្ទសារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ដល់កសិករថា មិនត្រូវពឹងផ្អែកតែលើប្រភពទឹកធម្មជាតិតែមួយមុខទេ តែក៏ត្រូវស្វែងរកប្រភពទឹកឬបង្កើតប្រភពទឹកថែមទៀតទុកសម្រាប់ប្រើប្រាស់ និងបម្រើឱ្យការងារកសិកម្ម។
ប្រាប់ដល់កសិករចំនួនជិត៣០០នាក់ នៅឃុំតាភេម ស្រុកត្រាំកក់ ឯកឧត្ដមបណ្ឌិត ច័ន្ទ សារុន បានបញ្ជាក់ថាយើងជួបបញ្ហាខ្វះទឹកសម្រាប់ស្រូវជារៀងរាល់ឆ្នាំដែលបញ្ហានេះជារឿងដដែល។
ដូចនេះយើងត្រូវតែមានការផ្លាស់ប្ដូរមួយដើម្បីជន្នះនឹងបញ្ហានេះ ដូចដែលប្រសាសន៏របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលដែលដាស់តឿនយើងថាមិនត្រូវអង្គុយចាំបក់ផ្សែងទេ តែត្រូវធ្វើជាអ្នកពន្លត់ភ្លើងវិញ ។ មានន័យថា យើងមិនត្រូវពឹងផ្អែកលើធម្មជាតិទាំងស្រុងទេ តែត្រូវតែធ្វើម្ចាស់លើធម្មជាតិជាបណ្ដើរៗ ។
មានប្រភពទឹកធម្មជាតិវាជាអំណោយផលល្អសម្រាប់ទីនោះតែយើងត្រូវស្វែងរកប្រភពទឹកពីកន្លែងផ្សេងទៀត ឬការបង្កើតឱ្យមានប្រភពទឹកបន្ថែមតាមរយៈការស្ដារ ការជីកប្រឡាយ ស្រះ ក្នុងមូលដ្ឋាន ក្នុងសហគមន៏ និងតាមគ្រួសារតាមដែលអាចធ្វើទៅបាន ។ ឯកឧត្ដមបន្ដទៀតថា កន្លែងខ្លះយើងអាចធ្វើបាន ដោយគ្រាន់តែទាមទារឱ្យមានការសាមគ្គីគ្នា ការរក្សាព្យាយាមតែប៉ុណ្ណោះ។
ឯកឧត្ដមរដ្ឋមន្ដ្រី បានរំលឹកទៅមន្ដ្រីក្រុមការងារនិងអាជ្ញាធរមូលដ្ឋានថាត្រូវបន្ដជួយកសិករដើម្បីជីកស្រះសន្សំទឹកទុកឱ្យបានគ្រប់ភូមិ ។ ក្រៅពីការជីកស្រះក៏ត្រូវគិតគូរពីការស្វែងរកប្រភពទឹកក្រោមដីដែលរូបឯកឧត្ដមនិងក្រុមការងារត្រៀមខ្លួនជានិច្ចដើម្បីជួយ ។
ឯកឧត្ដមរដ្ឋមន្ដ្រីបានអញ្ជើញទៅទីនោះ កាលពីចុងសប្ដាហ៏កន្លងទៅនេះដើម្បីចូលរួមសម្ពោធប្រព័ន្ធលូទឹក ដែលជួយកសាងដោយរូបឯកឧត្ដមនិងលោកស្រី និងមន្ដ្រីក្រុមការងារ កនុងទឹកប្រាក់ជិត១០លានរៀល ។ ឯកឧត្ដមបានប្រាប់អ្នកភូមិឱ្យថែរក្សាសមិទ្ធិនេះឱ្យបានល្អប្រយោជន៏សម្រាប់ប្រើប្រាស់បានយូអង្វែង ៕