នៅថ្ងៃព្រហស្បតិ៍១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ក្រុមការងារការិយាល័យព័ត៌មានវិទ្យា និងបច្ចេកវិទ្យាទូរគមនាគមន៍ នៃមជ្ឃមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម បានចូលរួមសិក្ខាសាលាស្តីពី “តួនាទីបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា” ដែលរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមសហការណ៍ជាមួយនឹងសាកលវិទ្យាភូមិន្ទភ្នំពេញ នៅសាកលវិទ្យាភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ។ ហើយសមាសភាពចូលរួមមាន តំណាងក្រសួង ស្ថាប័ន អង្គភាព រួមនឹងសិស្ស និស្សិតនៃសាកលវិទ្យាភូមិន្ទភ្នំពេញប្រមាណ៦០នាក់។ សិក្ខាសាលានេះរៀបចំឡើង ដើម្បីចាប់ផ្តើមនៃការបញ្ជ្រាបពីតួនាទីបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន ទៅក្នុងសង្គមកម្ពុជាឲ្យរឹតតែល្អប្រសើរ និងប្រកបដោយចីរភាព និងដើម្បីស្វែងយល់ពីសារៈសំខាន់នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងការរស់នៅប្រចាំថ្ងៃ។