នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន ខេល័រ GIZ អង្គការ Wat4cam និងចូលរួមពីគម្រោង(PCRL) បើកវគ្គបណ្ដុះបណ្ដាល ស្តីពី «វិធីសាស្ត្រផ្សព្វផ្សាយកសិកម្ម ផលិតកម្មដំណាំស្រូវពូជ ប្រព័ន្ធត្រួតពិនិត្យគុណភាពពូជដំណាំ និងប្រព័ន្ធផលិតកម្មស្បៀងគិតគូរដល់អាហារូបត្ថម្ភ» ដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ប្រចាំខេត្តកំពង់ធំ និងសៀមរាប ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃ២៦ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារគ្លរៀល ខេត្តកំពង់ធំ។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្រោមការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ លោកយឹម សារុំ លោកបណ្ឌិត វង្ស កែវសុធន ទីប្រឹក្សាក្រសួងកសិកម្ម លោកជួ ជ័យធារិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ថ្នាក់ដឹកនាំនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាយកដ្ឋានដំណាំស្រូវ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃខេត្តទាំងពីរ និងមន្ត្រីកសិកម្មឃុំ-សង្កាត់កំពង់ធំ សៀមរាប អង្គការហេឡែន ខេលល័រ អង្គការ GIZ និងតួអង្គពាក់ព័ន្ធ រួមទាំងដៃគូអភិវឌ្ឍន៍ PCRL សរុបសិក្ខាកាមចំនួន៤៧នាក់។
ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម ថ្លែងថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងចំណេះដឹង ជំនាញ និងបង្កើនសមត្ថភាពរបស់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប ទាំង២៨នាក់ និងមន្ត្រីមន្ទីរកសិកម្មខេត្ត កំណត់យុទ្ធសាស្ត្រការងារជាក់លាក់ បង្កើនការសហការជាមួយគម្រោង ក្នុងការកសាងប្រព័ន្ធពូជសុទ្ធផ្ការំដួលជួយដល់កសិករផលិតស្រូវមានគុណភាពខ្ពស់សម្រាប់ការនាំចេញ និងធ្វើឱ្យគុណតម្លៃផលិតកម្មកាន់តែប្រសើរឡើង។
បន្ថែមពីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងអនុវត្តជាយន្តការច្បាស់លាស់នូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ គឺការដាក់ពង្រាយមន្ត្រីកសិកម្ម ឃុំ-សង្កាត់ ការរៀបចំសហគមន៍កសិកម្មទំនើប និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ៕