នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ បានប្រារព្វពិធីបើកសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ហើយពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា សមាជិក សមាជិកាប្រមាណជាង ៤០០នាក់។
ក្នុងនាមក្រសួង និងខ្លួនលោកផ្ទាល់ លោកបានសម្តែងនូវកិច្ចស្វាគមន៍ និងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសមាជិក សមាជិកាទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងអង្គសន្និបាតនាថ្ងៃនេះ ដែលបានធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនទាំងអស់កាន់តែត្រូវបានលើកកម្ពស់ថែមមួយកម្រិតទៀត ដើម្បីរួមគ្នាជាកំលាំងនិងឆន្ទះតែមួយក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឈានឆ្ពោះទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនអង្គពិធីជ្រាបថាក្នុងឆ្នាំ២០១៨ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ២៣,៥% នៃផលិតផលក្នុងស្រុកសរុប ហើយតម្លៃបន្ថែមសរុបនៃវិស័យកសិកម្មបានបន្តកើនដល់ ២១៩១៣ ប៊ីលានរៀលនៅឆ្នាំ២០១៨។ ការចូលរួមចំណែកនៃអនុវិស័យក្នុងវិស័យកសិកម្មរួមមាន៖ ផ្នែកដំណាំបានចូលរួម ៥៨,១% ផ្នែកផលិតកម្មសត្វ១១,២% ផ្នែកជលផល២៤% និងផ្នែកព្រៃឈើ៦,៧%។ ចំពោះសមិទ្ធផលសំខាន់ៗដែលសម្រេចបាននា ឆ្នាំ២០១៨ មានដូចតទៅ៖ ១- ផលស្រូវសម្រេចបានលើផ្ទៃដីចំនួន ៣,៣៤លានហ.ត ស្មើនឹង១១៣%នៃផែនការ ក្នុងនោះស្រូវវស្សា ២,៧៥ លានហ.ត និងស្រូវរដូវប្រាំង ០,៥៩លានហ.ត ទិន្នផលគិតជាមធ្យម ៣,៣៥ត/ហ.ត (ស្រូវវស្សា ៣,០៩៤ត/ហ.ត ស្រូវប្រាំង ៤,៥១២ត/ហ.ត)។ បរិមាណផលស្រូវសរុបទទួលបានប្រមាណ ១០,៨៩លានតោន គឺកើនប្រមាណ ៣,៥១% ធៀបនឹងឆ្នាំ២០១៧ (ស្រូវវស្សាជាង ៨,២១លានតោន និងស្រូវរដូវប្រាំងជាង ២,៦៨លានតោន និងមានអតិរេកស្រូវចំនួនជាង ៥,៨៣លានតោន គិតជាអង្ករស្មើនឹង ៣,៧៣លានតោន។ ផលិតកម្មដំណាំរួមផ្សំ និងឧស្សាហកម្មទទួលបានបរិមាណផលប្រមាណ១៦,៦៤លានតោននៅឆ្នាំ២០១៨។ ការនាំចេញកសិផលសរុបបានកើនឡើងដល់ ៤,២៣លានតោន ក្នុងនោះអង្ករនាំចេញផ្លូវការបានជាង ៦២៦ពាន់តោន។ ដោយឡែក ក្នុងរយៈពេល២ខែដើមឆ្នាំ២០១៩នេះ ការនាំចេញស្រូវក្រៅផ្លូវការមានចំនួនជាង ៩០៩ពាន់តោន តាមច្រកសំខាន់ៗក្នុងខេត្តជាប់ព្រំដែនចំនួន០៥ខេត្ត រួមមានខេត្តតាកែវ ព្រៃវែង ស្វាយរៀង កណ្តាល និងខេត្តកំពត។ ដំណាំកៅស៊ូធម្មជាតិសម្រេចបានជាង ៤៣៦ពាន់ហ.ត ក្នុងនោះកៅស៊ូកសិ-ឧស្សាហកម្មជាង ២៧៥ពាន់ហ.ត និងកៅស៊ូគ្រួសារ ១៦១ពាន់ហ.ត។ ផ្ទៃដីកៅស៊ូចៀរជ័រចំនួន ២០២ពាន់ហ.ត ផលកៅស៊ូសម្រេចបានចំនួន ២២០ពាន់តោន។ ក្រសួងបានបង្កើតសហគមន៍កសិកម្មចំនួន ១១១៦សហគមន៍ ក្នុងនោះ១២០សហគមន៍កំពុងត្រូវបានជំរុញឱ្យក្លាយទៅជាសហគមន៍គំរូនិងកសិ-ធុរកិច្ច។ ក្រសួងក៏បានផលិតពូជស្រូវចំនួន ១៨៨ពាន់តោន និងគ្រាប់ពូជដំណាំសាកវប្បកម្មបានចំនួន ២៥តោន និងបានបញ្ចេញពូជសណ្តែកដី “ខេប១-CAP1” ជាពូជមានទិន្នផលខ្ពស់។
២- ផលិតកម្មសត្វសម្រេចបានចំនួន ៤៤,៣លានក្បាលការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្មបានកើន២០% ក្នុងនោះផលិតកម្មបក្សីកើនឡើង ២១,៣%។ ការផលិតនិងផ្គត់ផ្គង់សាច់មានការកើនឡើងស្របទៅនឹងកំណើនប្រជាជន និងភ្ញៀវទេសចរណ៍ ពោលគឺបានកើនដល់ ២៣១ពាន់តោន។
៣- វិស័យជលផល និងការអភិវឌ្ឍវារីវប្បកម្ម នៅក្នុងឆ្នាំ២០១៨នេះមានសហគមន៍នេសាទ ៥១៦សហគមន៍ (សហគមន៍នេសាទទឹកសាប ៤៧៥ និងនេសាទសមុទ្រ ៤១) មានសមាជិកសរុបចំនួនជាង ៣៣២ពាន់នាក់ ហើយក្នុងនោះ២៧សហគមន៍កំពុងប្រែក្លាយទៅជាសហគមន៍អេកូទេសចរណ៍ធម្មជាតិ។ កន្លែងអភិរក្សទូទាំងប្រទេសចំនួន ៦៦៥កន្លែង និងស្រះជម្រកត្រី ៨៨៤កន្លែង។ ផលចាប់ពីធម្មជាតិ និងផលវារីវប្បកម្មសម្រេចបានចំនួន ៩១០ពាន់តោន (ទឹកសាប ៥៣៥ សមុទ្រ ១២១ និងវារីវប្បកម្ម ២៥៤)។ ការកែច្នៃទាំងផលនេសាទទឹកសាប និងសមុទ្រសម្រេចបាន ៨៤ពាន់តោន និងការនាំចេញបាន ១៤ពាន់តោន។
៤- មានសហគមន៍ព្រៃឈើចំនួន ៦១៤សហគមន៍ គ្របដណ្តប់លើផ្ទៃដីសរុបជាង ៥០៨ពាន់ហ.ត ដាំដើមឈើបាន ៣៤៣ហ.ត បានបំពេញទម្រង់បែបបទសុំចុះបញ្ជីដីស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើចំនួន៣៨ទីតាំង លើផ្ទៃដីទំហំ ២១២ពាន់ហ.ត។ ក្រសួងបានធ្វើការណែនាំឲ្យអនុវត្តនូវវិធានការជាគន្លឹះសំខាន់ៗមួយចំនួនតាមរយៈ វេទិកាសាធារណៈដើម្បីបន្តនិរន្តរភាពលើការគ្រប់គ្រងនិងអភិវឌ្ឍន៍ដីសម្បទានសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបានចូលរួមរៀបចំធ្វើបច្ចុប្បន្នភាពច្បាប់ស្តីពីព្រៃឈើ ដោយសហការជាមួយក្រសួងមហាផ្ទៃ។
ជាការពិត ក្នុងនាមថ្នាក់ដឹកនាំនិងមន្រ្តីក្រោមឱវាទក្រសួងកំពុងតែមានមោទនៈ និងសាទរចំពោះសមិទ្ធផលជាវិជ្ជមានដែលយើងទាំងអស់គ្នាសម្រេចបាន ក៏ប៉ុន្តែមិនត្រូវព្រងើយកន្តើយ ឬមិនយកចិត្តទុកដាក់ចំពោះបញ្ហាប្រឈមដែលក្រសួងកំពុងជួបប្រទះមួយចំនួនមានជាអាទិ៍៖ ១. ទិន្នផល និងគុណភាពផលិតកម្មនៅទាប ការធ្វើពិពិធកម្ម និងពាណិជ្ជូបនីយកម្មកសិកម្មនៅមានកម្រិត កង្វះប្រព័ន្ធកែច្នៃ និងទីផ្សារមានការប្រកួតប្រជែងខ្ពស់។ ២. ការងារស្រាវជ្រាវ និងសេវាផ្សព្វផ្សាយនៅមិនទាន់បានទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់នៅឡើយ។ ៣. ប្រព័ន្ធស្រោចស្រពតាមលក្ខណៈសន្សំសំចៃទឹក និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រកសិកម្មនៅមិនទាន់គ្រប់គ្រាន់។ ៤. ការគ្រប់គ្រង និងការប្រើប្រាស់ដីកសិកម្មឲ្យចំគោលដៅ និងសក្តានុពលភាពនៅតាមភូមិសាស្រ្តនីមួយៗស្ថិតនៅតែជាបញ្ហា។ ៥. ការទប់ស្កាត់បទល្មើសព្រៃឈើ ជលផល ការនាំចូលសត្វ និងសម្ភារកសិកម្មខុសច្បាប់ រួមទាំងការត្រួតពិនិត្យ អនាម័យនិងភូតគាមអនាម័យនៅមានកម្រិត សកម្មភាពកាប់រានហ៊ុមព័ទ្ធដីព្រៃឈើ ព្រៃលិចទឹក ដោយខុសច្បាប់នៅតែកើតមានរហូតមកទល់បច្ចុប្បន្ននេះ។ ៦. ការរកទីផ្សារលក់ផលិតផលកសិកម្ម ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យានៅជួបបញ្ហា។
ទាក់ទងនឹងបញ្ហាសំខាន់ៗខាងលើ និងជាពិសេសដើម្បីបន្តអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើនថែមទៀត ឯកឧត្តមរដ្ឋមន្រ្តីបានស្នើដល់អង្គសន្និបាតទាំងមូល ពិសេសអន្តរស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ គ្រប់អង្គភាពជំនាញ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ពិចារណាលើអនុសាសន៍សំខាន់ៗដែលជារួមទាក់ទងនឹងយន្តការ ឬវិធានការដោះស្រាយបញ្ហា ការធ្វើទំនើបកម្មកសិកម្ម ការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍដំណាំកៅស៊ូ ដាំណាំកសិឧស្សាហកម្ម ដំណាំស្រូវ និងដំណាំរួមផ្សំ ការលើកកម្ពស់ផលិតភាពផលិតកម្មចិញ្ចឹមសត្វ ចំណី ការបង្កាត់ពូជ ការផ្គត់ផ្គង់សាច់ និងការគ្រប់គ្រងជំងឺ។ ពង្រឹងការគ្រប់គ្រងធនធានជលផល ជំរុញវារីវប្បកម្ម ទាំងទឹកសាប និងសមុទ្រ ការចិញ្ចឹមត្រីក្នុងស្រែនិង ការអភិរក្សតំបន់ការពារមេពូជ និងការបង្ក្រាបបទល្មើស។ បន្តពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ ជំរុញការស្តារដាំដុះព្រៃឈើឡើងវិញ ដោយសហការជាមួយវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងធ្វើបច្ចុប្បន្នភាពកម្មវិធីព្រៃឈើជាតិ។ បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ ដើម្បីសម្រេចឲ្យបាននូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្មនាឆ្នាំ២០១៩-២០៣០។