ដោយមានការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំអង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី និងសហការី ជួបសំណេះសំណាល ពិភាក្សាការងារអំពីការលើកកម្ពស់ និងបញ្ជ្រាបព័ត៌មានទាក់ទងនឹងវិស័យកសិកម្មឱ្យសាធារណជនគ្រប់ស្រទាប់វណ្ណៈកាន់តែជ្រាបច្បាស់ និងទូលំទូលាយបន្ថែមទៀត។
ក្នុងជំនួបនោះ លោកជំទាវ អ៊ឹម រចនា បានថ្លែងស្វាគមន៍នឹងលោក ជាវ សំណាង នាយកប្រតិបត្តិព័ត៌មាន អេស.អ៊ឹម.អ៊ី និងសហការី ដែលបានស្នើសុំជួបថ្នាក់ដឹកនាំក្រសួងកសិកម្មដើម្បីណែនាំអំពីសារព័ត៌មាន SME ដែលបង្កើតឡើងនៅឆ្នាំ២០២៣ និងផ្សព្វផ្សាយព័ត៌មានកសិកម្ម សិប្បកម្ម ឧស្សាហកម្ម ធុរកិច្ច សេដ្ឋកិច្ច បច្ចេកវិទ្យា នវានុវត្តន៍ និងជាពិសេសព័ត៌មានអំពីវិស័យសហគ្រាសធុន តូច មធ្យម។
ចំពោះសំណើពីសារព័ត៌មាន SME ដែលមានបំណងធ្វើជាដៃគូផ្សព្វផ្សាយអំពីវិស័យកសិកម្ម លោកជំទាវ អ៊ឹម រចនា បានសម្ដែងការស្វាគមន៍ ដោយពន្យល់បន្ថែមថា ក្រសួងកសិកម្មតែងតែបើកទូលាយចំពោះស្ថាប័នសារព័ត៌មានគ្រប់អង្គភាព ដើម្បីរួមគ្នាផ្សព្វផ្សាយអំពីវិស័យកសិកម្មឱ្យបានកាន់តែទូលំទូលាយ ដោយមិនប្រកាន់និន្នាការឡើយ។
លោកជំទាវសង្កត់ធ្ងន់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់ទុកវិស័យសារព័ត៌មានជាអំណាចទី៤ និងស្វាគមន៍រាល់ការសហការជាមួយស្ថាប័នសារព័ត៌មានដែលមានវិជ្ជាជីវៈ ក្នុងគោលដៅជួយផ្សព្វផ្សាយព័ត៌មានស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ មានប្រភពច្បាស់លាស់ ដើម្បីផ្ដល់ព័ត៌មានពិតដល់សាធារណជន និយាយជារួម និងប្រជាកសិករ និយាយដោយឡែក។
ការផ្សព្វផ្សាយព័ត៌មានពិត បើតាមលោកជំទាវ អ៊ឹម រចនា នឹងជួយលើកស្ទួយវិស័យកសិកម្ម និងជីវភាពប្រជាកសិករឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមគោលនយោបាយរបស់ក្រសួង គឺ «មានហូប មានប្រើ មានបាន និងមានរហូត»៕