នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការសហការជាមួយនឹងក្រុមហ៊ុន FutureSense រៀបចំសន្និសីទស្ដីពី “កិច្ចសហការកម្ពុជា-កូរ៉េ លើសុវត្ថិភាពចំណីអាហារ និងការលើកកម្ពស់ម្ហូបអាហារ” ក្រោមអធិបតីភាព ឯកឧត្តម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីស្ថាប័នរដ្ឋ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា សរុបប្រមាណ ៨៩រូប។ សន្និសីទនេះមានគោលបំណងដើម្បី (១)សម្របសម្រួលកិច្ចសហប្រតិបតិ្តការ និងផ្លាស់ប្ដូរនូវបទពិសោធន៍ ការអនុវត្តល្អនានា ក្នុងជំនាញសុវត្ថិភាពចំណីអាហារ ការលើកកម្ពស់ម្ហូបអាហាររវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រមទាំងជំរុញការប្រកួត ប្រជែងទៅកាន់ទីផ្សារសកល (២)បង្កើតវេទិកា ដើម្បីពង្រឹងកិច្ចសហការក្នុងវិស័យសុវត្ថិភាពចំណីអាហារ និងការលើកកម្ពស់រវាងកម្ពុជា-កូរ៉េ ដើម្បីចូលរួមចំណែកកិច្ចខិតខំប្រឹងប្រែងបង្កើនភាពប្រកួតប្រជែងរបស់ប្រទេសទាំងពីរទៅកាន់ទីផ្សារសកល និង(៣)ផ្ដល់នូវការកាលានុវត្ដភាពដ៏សំខាន់សម្រាប់កិច្ចសហការ និងការអភិវឌ្ឍដើម្បីពង្រឹងគុណតម្លៃភាពជាដៃគូរវាង ប្រទេសទាំងពីរ ឆ្ពោះទៅកាន់នវានុវត្តន៍ភាព និងឧត្តមភាពក្នុងជំនាញសុវត្ថិភាពចំណីអាហារ និងការលើកកម្ពស់ម្ហូបអាហារ។