កាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១០ ឯកឧត្តម ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខប្រមាញ់ និងនេសាទ អមដំណើរដោយលោកជាទីប្រឺក្សាក្រសួងកសិកម្ម អគ្គនា យកដ្ឋាន កសិកម្ម ថា្នក់ដឹកនាំអង្គភាព នាយកដ្ឋានពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេសមួយចំនួន បានអញ្ជីញចុះដល់វាលស្រែ របស់កសិករ ដែលទទួលនូវភាពរាំងស្ងួត ដើម្បីមើលពីស្ថានភាពសំណាបរងចាំទឹកភ្លៀង និងសំណេះសំណាល ជាមួយកសិករ១២០គ្រួសារ នៅភូមិត្រពាំងទន្ទឹម ឃុំពោធិចំរើន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
ឯកឧត្តមរដ្ឋមន្ត្រី និងសាហការី ក៏បានពិនិត្យមើលសកម្មភាពយកបាវខ្សាច់ទប់ស្ទាក់ទឹក នៅតាមដងអូរ ដើម្បីយកទឹកមកស្រោចស្រពសង្គ្រោះសំណាបដែលក្រៀមស្វិត។
ក្នុងឱកាសជួបជុំនោះ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ ដល់កសិករដែលមានសាមគ្គីភាពគ្នា រួបរួមកម្លាំងគ្នា ក្នុងការជីក ប្រឡាយ និងទប់ស្ទាក់ទឹក ដើម្បីដោះស្រាយបញ្ហាទឹកដែលរងការរាំងស្ងួតក្នុងការបង្កបង្កើនផល នារដូវវស្សានេះ។
ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវថា ចាប់ពីឆ្នាំក្រោយត្រូវប្តូរទម្លាប់ ដែលធ្លាប់តែធ្វើ សំណាបរង់ចាំដី មកធ្វើដីរងចាំសំណាបវិញ គឺរៀបចំដាស់ដី និងធ្វើដីឱ្យបានស្អាតរៀបស្មើរល្អ។ បើសំណាបអាយុជាង២ខែ ត្រូវបោះចោល (សំណាបកាន់តែចាស់ កាន់តែអន់ លូតលាស់មិនល្អ មិនបែកគុម្ព) ប្តូរពូជស្រូវធ្ងន់-ស្រាលមិនប្រកាន់រដូវទាំងអស់។
ឯកឧត្តមរដ្ឋមន្ត្រីបានរំលឹកឱ្យប្រយ័ត្នសត្វមមាចត្នោត ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តមរដ្ឋមន្ត្រី បានចាត់ឱ្យអគ្គនាយកដ្ឋានកសិកម្ម ដាក់មន្ត្រីបច្ចេកទេសចុះមកពិនិត្យផ្ទាល់បើសិនវាទទួលរងការបំ ផ្លាញដោយមមាចត្នោតអស់ ត្រូវលុបភ្ជួរភ្លាម ហើយដាក់ដាំដំណាំផ្សេង។ ត្រូវរកវិធីដើម្បីឱ្យការផ្គត់ផ្គង់ទឹក មានស្ថេរភាពរឹងមាំមួយ។ បង្កើនមុខរបរបន្ថែមក្រៅពីការធ្វើស្រែ គឺការចិញ្ចឹមសត្វ ដូចជាមាន់ ទាជាដើម។ ប្រការសំខាន់គឺត្រូវចុះស្រែជាប្រចាំ។ ឯកឧត្តមរដ្ឋមន្ត្រីបានឧត្ថមថវិកាចំនួន ១លានរៀល ជូនសហគមន៍ដើម្បីទិញសំបកបាវថែម ទៀត។