នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ និងលោក ម៉ឹក គឹមស្រូយ បានអញ្ជើញចូលរួមកិច្ចប្រជុំបើកពិគ្រោះយោបល់ ស្តីពី ការត្រួតពិនិត្យឡើងវិញលើគោលនយោបាយពាណិជ្ជកម្មកម្ពុជា TPR លើកទី៣ ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ដែលរៀបចំធ្វើឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម។
កិច្ចប្រជុំនេះ ប្រព្រឹត្តឡើងក្រោមអធិបតីភាព ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលជាប្រធានដឹកនាំអង្គប្រជុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាតំណាងក្រសួង-ស្ថាប័នសរុបចំនួន១៧ និងអ្នកជំនាញការអង្គការពាណិជ្ជកម្មពិភពលោក WTO។
សូមបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិគ្រោះ ពិភាក្សា អំពីទិន្នន័យស្ថិតិ និងឯកសារចាំបាច់នានា ក្នុងការត្រៀមចងក្រងរបាយការណ៍ TPR លើកទី៣ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស៕