ខណៈដែលកសិក រភូមិអង្គបង្សី ឃុំជាងទង ស្រុកត្រាំកក់ ទទួលបានស្រះទឹក សហគមន៏ធំបង្គួរមួយនោះ ឯកឧត្ដមបណ្ឌិតច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម បានរំលឹកថា មូលដ្ឋានមានប្រភពទឹកកាន់តែច្រើន នឹងបានរួមចំណែក ដល់ការរីកចម្រើននៅភូមិដ្ឋាននោះ។ ឯកឧត្ដម អំពាវនាវឱ្យរួមគ្នាបង្កើតស្រះទឹក ឱ្យបានកាន់តែច្រើនថែមទៀត ។
ឯកឧត្ដមបណ្ឌតច័ន្ទ សារុន បានមានប្រសាសន៏ថា ស្រះទឹកសហគមន៏ជាមធ្យោបាយមួយ នៅភូមិដ្ឋាន ក្នុងការរួមចំណែកដោះស្រាយទឹក សម្រាប់ការរស់នៅ ការដាំដុះសម្រាប់ការចិញ្ចឹម។ មានស្រះសហគមន៏កាន់តែច្រើន មានន័យថា យើងបានឈានទៅធ្វើជាម្ចាស់ លើបញ្ហាទឹក ជា បណ្ដើរៗ ដែរ។
ឯកឧត្ដមបានលើកទឹកចិត្ដ ដល់កសិករ និងអាជ្ញាធរមូលដ្ឋាន ឱ្យរួមគ្នាស្វះស្វែងរកប្រភពទឹក បង្កើតប្រភពទឹកក្នុងមូលដ្ឋាន ពោលយ៉ាងហោចណាស់ភូមិមួយមានស្រះទឹកមួយ ឬច្រើនជាងនេះ។ តាមគ្រួសារនីមួយៗ គួរមានស្រះទឹកមួយ។
ស្រះទឹកដែលទទួលនូវការសម្ពោធនេះ មានទំហំ៥១ម៉ែត្រ គុណនឹង៣២ម៉ែត្រ និងជម្រៅ៤ម៉ែត្រ ដោយចំណាយថវិការចំនួន២៨លានរៀល ដែលជាថវិការរបស់ឯកឧត្ដមរដ្ឋមន្ដ្រីផ្ទាល់។ គិតមកដល់ពេលនេះ ឃុំបានស្ដារស្រះធំៗចំនួន៤ហើយ ក្រោមការជួយពីឯកឧត្ដមរដ្ឋមន្ដ្រី។
ឯកឧត្ដមរដ្ឋមន្ដ្រី បានរំលឹកទៀតថា ខណៈនេះអាកាសធាតុមានការប្រែប្រួលច្រើន ដូចនេះ ការតាមដានព័ត៌មានឧតុនិយម គឺសំខាន់សម្រាប់កសិករ និងសម្រាប់ការផ្សព្វផ្សាយ ដល់កសិករ និងសម្រាប់ការផ្សព្វផ្សាយដល់កសិករ ដើម្បីឱ្យមានការប្រុងប្រយ័ត្ន និងការត្រៀមលក្ខណៈទុកជាមុន ។
ជាមួយនឹងសមិទ្ធិស្រះទឹកនេះ ឯកឧត្ដមរដ្ឋមន្ដ្រី បានបន្ដថា ត្រូវតែមានការគ្រប់គ្រងប្រភពទឹក ឱ្យបានល្អនៅតាមមូលដ្ឋាន ដើម្បីប្រើប្រាស់នាចុងរដូវ ហើយក៏អាចប្រើប្រាស់ទឹកនេះ សម្រាប់ការដាំដំណាំផ្សេងទៀត ក្រោយពេលប្រមូលផលរួចដែរ ។
ឯកឧត្ដមក៏បានប្រាប់កសិករ អំពីការជ្រើសរើសពូជស្រូវ ដែលមានតម្រៃលើទីផ្សារ អំពីការប្រើប្រាស់បច្ចេកទេសថ្មី និងការផ្លាស់ប្ដូរឥរិយាបថរបស់កសិករ ពីការធ្វើស្រែសម្រាប់ត្រឹមផ្គត់ផ្គង់ក្នុងគ្រួសារ ឱ្យទៅជាការធ្វើដើម្បីលក់ដូរ ។ ឯកឧត្ដមពន្យល់ថា ធ្វើបែបនេះទើបជីវភាពគ្រួសារ កាន់តែប្រសើរ ហើយផលិតផលកសិកម្ម រីកចម្រើន ៕