នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំ កិច្ចប្រជុំគណៈកម្មការតម្រង់ទិសលើកទី៧ របស់កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្នផ្នែកនេសាទ ហៅកាត់ថា (CAPFISH-Capture) ដែលកិច្ចប្រជុំរៀបចំដោយរដ្ឋបាលជលផល ប្រព្រឹត្តទៅនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ។
គោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បីត្រួតពិនិត្យ និងពិភាក្សាលើលទ្ធផលនៃការអនុវត្តសកម្មភាពកន្លងមក ជាពិសេសការត្រួតពិនិត្យលើផែនការសកម្មភាព ដែលបានគ្រោងទុកសម្រាប់អនុវត្តក្នុងឆ្នាំ២០២៤នេះ ព្រមទាំងជួយតម្រង់ទិសដល់ការអនុវត្តកម្មវិធី CAPFISH-Capture ប្រកបដោយប្រសិទ្ធភាព និងជោគជ័យនាពេលអនាគត។
នាឱកាសនៃកិច្ចប្រជុំ ឯកឧត្តម ហាស់ សារ៉េត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហភាពអឺរ៉ុប ដែលបានគាំទ្រថវិកាសរុប៩២.៧លានអឺរ៉ូ ជាជំនួយឥតសំណង សម្រាប់អនុវត្តកម្មវិធី CAPFISH-Capture រយៈពេល៥ឆ្នាំ (២០១៩- ២០២៤) មានសារៈសំខាន់ក្នុងការជួយលើកស្ទួយវិស័យជលផលទាំងមូល និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ ព្រមទាំងសង្ឃឹមថា សហភាពអឺរ៉ុបនឹងបន្តជួយគាំទ្រកម្មវិធីនេះសម្រាប់វគ្គទី២បន្តទៀត។ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានជួយគាំទ្រ និងសហការជាមួយសហភាពអឺរ៉ុប ដើម្បីរៀបចំកម្មវិធី CAPFISH-Capture ឱ្យដំណើរការដោយរលូន មានប្រសិទ្ធភាពខ្ពស់ និងសម្រេចបានជោគជ័យនាពេលកន្លងមក។
ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីលោក ឃួន អេវីរ៉ាត អនុប្រធានផ្នែកសហប្រតិបត្តិការអន្តរជាតិ នៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា សមាជិក សមាជិការគណៈកម្មការតម្រង់ទិសកម្មវិធី តំណាងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាយកដ្ឋានផែនការ និងស្ថិតិ នាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ នាយកដ្ឋានសហប្រតិបតិ្តការអន្តរជាតិ និងតំណាងមកពីក្រសួងមហាផ្ទៃ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុបអ្នកចូលរួម៥៥នាក់(ស្រី១២នាក់)៕