នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ នេះឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុញ្ញាតឲ្យគណៈប្រតិភូសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម ដឹកនាំដោយ ឯកឧត្តម ហ៊ុញ ជុងដឹក អគ្គនាយករងសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម និងឧកញ៉ា ឡេង ឬទ្ធី ប្រធានតំណាងសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា និងសហការីចូលជួបពិភាក្សាការងារ និងសម្តែងការគួរសម។ បន្ទាប់ពីប្រសាសន៍សម្តែងនូវការស្វាគមន៍របស់ ឯកឧត្តមរដ្ឋមន្ត្រីរួចមក ឯកឧត្តម ហ៊ុញ ជុងដឹក និងឧកញ៉ា ឡេង ឬទី្ធ បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីអំពីគោលបំណងនៃជំនួបសវនាការនាពេលនេះ គឺដើម្បីរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រីអំពីវឌ្ឍនភាព ដំណាំកៅស៊ូ របស់បណ្តាក្រុមហ៊ុនដែលស្ថិតក្នុងសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា ដែលបច្ចុប្បន្នស្ថានភាពទូទៅនៃដំណាំកៅស៊ូមានការដុះលូតលាស់ល្អ ទោះបីប៉ុន្មានឆ្នាំចុងក្រោយនេះជួបបញ្ហា ការកើនឡើងកំដៅដោយការប្រែប្រួលអាកាសធាតុ ហើយរហូតមកពេលនេះដំណាំកៅស៊ូភាគច្រើនកំពុងស្ថិតក្នុងដំណាក់កាលផ្តល់ផលអាចចៀជ័របាន។
ក្នុងនោះភាគីភ្ញៀវក៏បានលើកឡើងពីគោលបំណងមួយទៀតគឺដើម្បីជូនពរ ឯកឧត្តមរដ្ឋមន្ត្រីនិងលោកជំទាវព្រមទាំងក្រុមគ្រួសារក្នុងឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នព្វស័ក ព.ស ២៥៦១ ដែលឈានមកដល់នាពេលដ៏ខ្លីខាងមុខនេះ។ ភាគីសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមបានស្នើសុំឯកឧត្តមរដ្ឋមន្ត្រីដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទអញ្ចើញទៅបំពេញទស្សនៈកិច្ចផ្លូវការសម្ពន័្ធឧស្សាហកម្មកៅស៊ូសាធារណៈរដ្ឋសង្គមនិយមវៀតណាមនាពេលវេលាសមស្របណាមួយ។ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍សំដែងនូវការអបអរសាទរចំពោះរបាយការណ៍ស្តីពីវឌ្ឍនភាពរបស់សម្ព័ន្ធឧស្សាហកម្មវៀតណាម ព្រមទាំងចាត់ទុកការអនុវត្តគម្រោងវិនិយោគដីសម្បទានសេដ្ឋកិច្ចរបស់សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមនៅកម្ពុជាគឺអនុវត្តបានល្អត្រឹមត្រូវតាមកិច្ចសន្យា ហើយឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ផ្តល់នូវការលើកទឹកចិត្តនិងសំណូមពរសូមឲ្យបន្តការខិតខំបន្ថែមទៀតក្នុងនោះគឺសូមឲ្យយកចិត្តទុកដាក់ប្រើប្រាស់កម្លាំងពលកម្មនៅក្នុងស្រុកឲ្យអស់លទ្ធភាព។