នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយមន្ត្រីពាក់ព័ន្ធ ជាពិសេសមន្ត្រីជំនាញ បានអញ្ជើញចុះតាមដាន និងវាយតម្លៃផលប៉ះពាល់ដំណាំកសិកម្មបណ្តាលមកពីគ្រោះរាំងស្ងួត នៅក្នុងស្រុកចំនួន២ នៃខេត្តបន្ទាយមានជ័យ គឺស្រុកស្វាយចេក និងស្រុកថ្មពួក។
បេសកកម្មរបស់ឯកឧត្តម តូច ប៊ុនហួរ មានការចូលរួមអមដំណើរដោយ ឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងអគ្គនាយកដ្ឋានកសិកម្ម តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន តំណាងធនធានទឹក និងឧតុនិយម អាជ្ញាធរមូលដ្ឋានស្រុក-ឃុំ មន្ត្រីជំនាញ និងមន្ត្រីកសិកម្មឃុំ ចុះតាមដាន និងវាយតម្លៃផលប៉ះពាល់ដំណាំកសិកម្ម បណ្តាលមកពីគ្រោះរាំងស្ងួត ។
ក្នុងស្ថានភាពនេះ ចាប់តាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ព្រមទាំងមន្ត្រីកសិកម្មឃុំ រួមជាមួយអាជ្ញាធរខេត្ត ស្រុក ឃុំបានខិតខំប្រឹងប្រែងប្រើគ្រប់មធ្យោបាយទាំងអស់ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការខូចខាតដំណាំរបស់ប្រជាពលរដ្ឋឱ្យបានជាអតិបរិមាតាមដែលអាចធ្វើទៅបាន។ ឯកឧត្តម តូច ប៊ុនហ៊ួរ បានណែនាំនិងផ្តល់ជាអនុសាសន៍មួយចំនួនដល់ប្រជាពលរដ្ឋអាចធ្វើការកែប្រែការដាំដុះដំណាំស្រូវ មកដំណាំចម្ការ ដូចជាដំឡូងមី ពោត សណ្តែក និងដំណាំឧស្សាហកម្ម។
ឯកឧត្តមបន្ថែមថា ការវាយតម្លៃពីការខូចខាត និងតម្រូវការស្តារឡើងវិញ ត្រូវធ្វើឡើងដោយមានការចូលរួមពីមន្ទីរកសិកម្មខេត្ត មន្ទីរធនធានទឹកខេត្ត ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន អាជ្ញាធរភូមិឃុំ ឱ្យបានច្បាស់លាស់ និងទាន់ពេលវេលាសម្រាប់ការស្តារឡើងវិញ ចៀសវាងមានការយឺតយ៉ាវ ធ្វើឱ្យខកខានដល់ការដាំដុះរបស់កសិករ។
កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ នៅក្នុងខេត្តបន្ទាយមានន័យ មានភ្លៀងធ្លាក់រាយប៉ាយតាមតំបន់មួយចំនួន ក្នុងបរិមាណតិចតួច មិនទាន់គ្រប់គ្រាន់នឹងតម្រូវការរបស់ដំណាំនៅឡើយ។ បើភ្លៀងនៅតែបន្តធ្លាក់បន្ថែមទៀត នោះដំណាំស្រូវអាចស្តារឡើងវិញបានមួយចំនួនធំ ព្រោះស្រូវស្ថិតក្នុងវគ្គលូតលាស់ និងជាប្រភេទស្រូវកណ្តាល។ ប៉ុន្តែក្នុងករណីពុំមានភ្លៀងធ្លាក់រយៈពេលពី៥ ទៅ៧ថ្ងៃទៀតនោះ ស្រូវនឹងទទួលរងការប៉ះពាល់ និងខូចខាតបន្ថែមទៀត៕