កាលពីថ្ងៃទី ២ ខែកញ្ញា នៅភូមិក្រាំព្រះស្វាយ ឃុំស្រាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបសំណេះសំណាល ជាមួយកសិករចំនូន ៦០នាក់ ដើម្បីពិនិត្យស្ថានភាពជាក់ស្ដែងនៅទីនោះ ជាមួយនឹងការផ្ដល់យោបល់ចាំបាច់ចំពោះមុខមួយចំនួន ដល់កសិករនៅទីនោះក៏ដូចជានៅទីកន្លែងផ្សេងទៀត ដែលស្ថិតក្នុងស្ថានភាពប្រហាក់ប្រហែលគ្នា។
ឯកឧត្តមរដ្ឋមន្ត្រីបានរំលឹកថា សំណាបដែលមានអាយុចាស់ហើយមិនគួរប្រើតទៅទៀតទេ ពោលគឺប្រើសំណាបថ្មី។ ត្រូវប្រើពូជស្រូវស្រាលផងដែរ។ ខណៈនោះក្រសួងកសិកម្មអនុញ្ញាតិ ឱ្យគ្រួសារទាំងអស់នោះខ្ចីស្រូវ IR 66 ដើម្បីយកទៅសាបឱ្យទាន់ពេលវេលា។
ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ត្រូវធ្វើដីរង់ចាំសំណាបមិនត្រូវធ្វើសំណាបរង់ចាំដីទេ។ ត្រូវធ្វើដី ២ទៅ៤ដងឱ្យបានរាបស្មើរល្អ។ ថ្នាលសាបត្រូវធ្វើជាថ្នាលជារងស្ពៃ។ ត្រូវជ្រើសយកតែសំណាបណាដែលថ្លោស ខ្ចីព្រោះវាអាចទទួលទិន្នផលបានខ្ពស់។ ស្ទួងតែមួយដើម ចន្លោះគុម្ពពី១ដើមទៅ១ដើម គឺពី ២,៥ ទៅ ៤តឹក។
ឯកឧត្តមរដ្ឋមន្ត្រីបានរំលឹកទៀតថា កសិករត្រូវប្រើប្រាស់ដីឱ្យអស់លទ្ធភាពដោយធ្វើស្រែឱ្យបាន ២ទៅ៣ដង ក្នុងមួយឆ្នាំ និងផ្ទេរដីស្រែទៅជាដីចម្ការនៅចុងឆ្នាំ។ ដោយឡែកមេភូមិ មេឃុំត្រូវក្ដាប់ស្ថិតិទំហំផ្ទៃដីរបស់គ្រួសារនីមួយៗឱ្យបាន។
សូមបញ្ជាក់ថា ល្បឿនបង្កបង្កើនផលស្រូវរដូវវស្សាគិតត្រឹមថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១០ ខេត្តកំពង់ឆ្នាំង អនុវត្តបានលើផ្ទៃដី ៨៥,៣៨៥ហិចតា លើផែនការ ១០៤,៦០០ហិចតាស្មើនឹង ៨១,៦៣ភាគរយ៕