នៅព្រឹកថ្ងៃ០៧ ខែវិច្ចិកា ឆ្នាំ២០១៨ ដដែល ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងប្រតិភូអមដំណើរបានអញ្ជើញបន្ត ចុះពិនិត្យមើលស្ថានភាពកសិដ្ឋានដាំបន្លែ សណ្តែកគួរ ត្រសក់ និងត្រកួនសុវត្ថិភាពរបស់សហគមន៍ស្វាយមានជ័យ ស្ថិតនៅឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលមាន១៧ក្រុម ស្មើនឹង៩៧គ្រួសារ ដាំដុះលើផ្ទៃដីប្រមាណ ៧ហិកតា។ កន្លងមកសហគមន៍បានទទួលការបណ្តុះបណ្តាលពីមន្រ្តីកសិកម្មខេត្តកំពង់ឆ្នាំងអំពីបច្ចេកទេសនៃការដាំដុះ ហើយក៏ធ្លាប់បានទទួលគាំទ្រពីគម្រោងដៃគូមួយចំនួនផងដែរ។ បច្ចុប្បន្ន សហគមន៍បានធ្វើកិច្ចសន្យាជាមួយវិស័យឯកជនមួយចំនួនដូចជាក្រុមហ៊ុន KOC និង REMIX ដែលបានប្រមូលទិញ និងចែកចាយទៅទីផ្សារ។ តាមរយៈនៃការអនុវត្តកិច្ចសន្យានេះ សហគមន៍បានទទួលនូវពត៌មានអំពីតម្រូវការទីផ្សារជាក់លាក់ និងបានរៀបចំផែនការដាំដុះច្បាស់លាស់តាមការបញ្ជាទិញ ហើយសហគមន៍គ្រោងនឹងពង្រីកបន្ថែមនូវសក្តានុពលដាំដុះបន្ថែមទៀត ព្រោះសមាជិកសហគមន៍កំពុងទទួលបាននូវផលប្រយោជន៍ពិតពីការដាំបន្លែ ហើយជីវភាពក៏មានភាពប្រសើរឡើងផងដែរ។
ឆ្លៀតក្នុឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើឲ្យសហគមន៍បន្តពង្រីកលទ្ធភាពបន្ថែមដើម្បីបំពេញតម្រូវការទីផ្សារ ហើយបានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយដល់បច្ចេកទេសបន្ថែម និងផ្តល់ការគាំទ្រដល់ការបិទស្លាកសម្គាល់គុណភាពផលិតផលដែលសហគមន៍ផលិតបាន ដើម្បីឲ្យអតិថិជនស្គាល់ពីផលិតផលកម្ពុជា និងមានគុណភាពខ្ពស់។