នៅព្រឹកថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យបញ្ជីឯកសារយុទ្ធសាស្ត្រសម្រាប់កិច្ចប្រជុំលេីកទី៤៥ របស់ឧត្តមមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាន (SSOM-45th AMAF)។ កិច្ចប្រជុំនេះ មានការចូលរួមពីមន្ដ្រីនៃអគ្គនាយកដ្ឋានជំនាញ ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សូមជម្រាបថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រួតពិនិត្យលើកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យស្បៀង កសិកម្ម និងព្រៃឈើ (FAF) និងព្រៃឈើអាស៊ាន(AMAF) ដោយពិនិត្យ និងពិភាក្សាលើការងាររបស់ក្រុមការងារតាមវិស័យ អនុវិស័យ និងក្រុមអ្នកជំនាញដែលបានអនុវត្តកន្លងមក ដើម្បីជំរុញពាណិជ្ជកម្មកសិកម្ម ពង្រឹងសន្តិសុខស្បៀង និងផលិតផលព្រៃឈើ។ ទន្ទឹមនឹងនេះ កិច្ចប្រជុំនឹងពិនិត្យ ពិភាក្សាលើការផ្តល់ជាអាទិភាពលើកិច្ចសហប្រតិបត្តិការតាមវិស័យ និងគម្រោងកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា អង្គការអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធក្នុងតំបន់លើវិស័យសំខាន់ៗរបស់ FAF៕