ឯកឧត្ដមបណ្ឋិត ច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ដល់មន្ដ្រីរបស់ឯកឧត្ដម នៅថ្នាក់ខេត្ដថា សត្រូវរបស់យើង គឺភាពក្រីក្រ ដូចនេះនៅក្នុងការងារកសិកម្មមានច្រើនណាស់ ដែលត្រូវធ្វើ ដើម្បីប្រយុទ្ធភាពក្រីក្រនេះ ។ ជាមួយគ្នានោះមន្ដ្រីជំនាញ ដែលមានឯកសណ្ឋានត្រឹមត្រូវក៏មិនត្រូវយកឯកសណ្ឋាននេះ ទៅប្រើប្រាស់ខុសវិជ្ជាជីវៈគាបសង្កត់ប្រជាជនឡើយ។
ខណៈជួបជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីក្រោមឱវាទមន្ទីរកសិកម្មខេត្ដ កាលពីពេលកន្លងទៅថ្មីៗនេះ ឯកឧត្ដមរដ្ឋមន្ដ្រី បានមានប្រសាសន៏រំលឹកថាមន្ដ្រីគ្រប់លំដាប់ថា្នក់ត្រូវរួបរួមសាមគ្គីសហការគ្នាឱ្យបានល្អ ដើម្បីសម្រេចឱ្យបាននូវគោលដៅរួម ដែលក្រសួងបានដាក់ឱ្យ។
សត្រូវរបស់យើងគឺភាពក្រីក្រ។ ការងារកសិកម្មមានច្រើនណាស់ ដែលត្រូវធ្វើ ដែលត្រូជួយដល់ប្រជាជនឱ្យពួកគេធ្វើ។ ឯកឧត្ដមបានបន្ដទៀតថា ដើម្បីបាននូវសន្ដិសុខស្បៀងកាត់បន្ថយភាពក្រីក្រ គឺត្រូវនាំគ្នាអភិវឌ្ឍន៏វិស័យកសិកម្ម។ ឯកឧត្ដមបានរំលឹកទៀតថា មន្ដ្រីជំនាញដែលមានឯកសណ្ឋានត្រឹមត្រូវ ដូចជារដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល ពេត្យសត្វ និងនីតិកម្មកសិកម្ម។ល។
ទាំងអស់នេះ ត្រូវបំពេញតួនាទីឱ្យបានត្រឹមត្រូវ ហាមយកឯកសណ្ឋាន ទៅដាក់កុងត្រូល ចាំទារប្រាក់ពីកសិករ ឃុបខឃិតជាមួយឈ្មួញរកស៊ីខុសច្បាប់ ដែលប្រាស់ចាកពីតួនាទី និងភារកិច្ចរបស់ខ្លួន ហើយដើម្បីបំពេញការងារ ឱ្យមានប្រសិទ្ធិភាព មន្ដ្រីគ្រប់រូបត្រូវខិតខំរៀនសូត្របន្ថែមទៀត ទាំងការងារបច្ចេកទេស និងច្បាប់ត្រូវឧស្សាហ៏ចុះមូលដ្ឋាន ឱ្យបានជាប់ជាប្រចាំពីព្រោះមូលដ្ឋាន គឺជាប្រភពចំណេះដឹងនិងបទពិសោធន៏។
សំដៅទៅរកមន្ដ្រីរបស់ឯកឧត្ដមៗបានមានប្រសាសន៏ថា សុំឱ្យមន្ដ្រីថ្នាក់ដឹកនាំក្រសួងអង្គភាពជំនាញឧស្សាហ៏ចុះមកខេត្ដប៉ៃលិនដែលជាខេត្ដដាច់ស្រយាលដើម្បីជាការលើកទឹកចិត្ដ និងក្ដាប់ឱ្យបានពីសភាពការណ៏នៃការងារកសិកម្មនៅក្នុងខេត្ដនេះ ។
ឯកឧត្ដមបន្ដថាខេត្ដប៉ៃលិនជាខេត្ដទេសចរណ៏ និងមានសក្ដានុពលលើវិស័យឧស្សាកម្ម ដូច្នេះត្រូវប្រើប្រាស់ធនធានធម្មជាតិដែលមានឱ្យអស់លទ្ធភាពដើម្បីផលិតស្បៀងឱ្យបានគ្រប់គ្រាន់ធានាបាននូវតម្រូវការក្នុងស្រុកកំណើនភ្ញៀវទេសចរណ៏ និងកាត់បន្ថយការនាំចូល ។ ឯកឧត្ដមបញ្ជាក់ថាជារួមគម្លាតរវាងបច្ចេកទេស និងបងប្អូនប្រជាពលរដ្ឋយើងនៅឆ្ងាយពីគ្នា ។ បើដូច្នេះសុំឱ្យមន្ទីរកសិកម្មអគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានបច្ចេកទេសពាក់ព័ន្ធ និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៏កសិកម្មកម្ពុជា (CARDI) ត្រូវចុះមកជួយបណ្ដុះបណ្ដាល និងផ្សព្វផ្សាយបច្ចេកទេសតាមតម្រូវការចាំបាច់៕