ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូល រួមប្រកាសតែងតាំងមន្ត្រីរដ្ឋបាលព្រៃឈើ នារសៀលថ្ងៃនេះ ចំនួន១១៧ រូបជាប្រធាន អនុ ប្រធានការិយាល័យ ចំណុះនាយកដ្ឋានវិទ្យាស្ថាន និងមជ្ឈមណ្ឌល អង្គភាពថ្នាក់កណ្តាល និងនាយ-នាយរងខណ្ឌរដ្ឋបាលព្រៃឈើ ដែលក្នុងនោះមាននារីចំនួន១៧រូប។ ពិធីនេះបាន ប្រារព្ធធ្វើការទីស្តីការក្រសួងកសិកម្ម។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្ត ដល់មន្ត្រីចូលរួម ក៏ដូច ជាមន្ត្រី ដែលទទួលការតែងតាំងថា អ្វីកើតឡើងនាពេលនេះ គឺផ្តើមចេញពីលទ្ធផលការងារ របស់មន្ត្រីទាំងអស់។ ការងារគឺជាម៉ែត្រវាស់សមត្ថភាពរបស់មន្ត្រី ដែលទើបទទួលការតែងតាំង នេះទៅសម្តែងការគួរសមចំពោះលោកអភិបាលខេត្តដែលខ្លួនបំពេញការងារ។
ការធ្វើបែបនេះ ដើម្បីស្គាល់ និងសម្តែងការគោរពសុំការសហការផង ហើយក៏ដើម្បីប្រសិទ្ធភាពការងារផងដែរ ព្រោះអាជ្ញាធរដែនដី គឺជាកម្លាំងដ៏រឹងមាំនៅមូលដ្ឋានដែលឥទ្ធិពលចំពោះកិច្ចសហការ។ មន្ត្រីរដ្ឋបាលព្រៃឈើទាំងអស់ត្រូវតែក្តាប់ឲ្យបាន និងកត់ត្រានូវអនុសាសន៍ទាំងឡាយ របស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ទាក់ទងទៅនឹងវិស័យព្រៃឈើដើម្បីតាមដានសកម្មភាពការងារ ជាក់ស្តែង។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា មន្ត្រីដឹកនាំរដ្ឋបាលព្រៃឈើ ក៏ពិនិត្យផងដែរចំពោះមន្ត្រី ចូលនិវត្តន៍ ដែលមានបទពិសោធន៍ល្អ ហើយនៅមានសម្បទាបំពេញការងារបាន ដើម្បីឲ្យពួក គាត់មកជួយយើង ដោយជួយផ្តល់ទៅដល់ពួកគាត់វិញតាមរូបភាពផ្សេង។
ឯកឧត្តមបានរំលឹកទៀតថា មន្ត្រីរាជការគ្រប់នាយកដ្ឋាន និងអង្គភាពចំណុះទាំងអស់ត្រូវពិនិត្យមើលឲ្យចេះចាំអំពីការអនុវត្តន៍តួនាទី និងភារកិច្ចរបស់ខ្លួន ដែលមានចែងក្នុងប្រកាស លេខ៦០២ អនុក្រឹត្យលេខ ១៨៨ ច្បាប់ស្តីពីព្រៃឈើ លិខិតបទដ្ឋានក្រោមច្បាប់ក៏ដូចជាកម្មវិធីព្រៃឈើជាតិ ឲ្យចេះចាំស្ទាត់ដើម្បីជាត្រីវិស័យ នៃការអនុត្តន៍ភារកិច្ចរបស់ខ្លួន។ បន្តអនុវត្តន៍នូវ គ្រប់បទបញ្ជារបស់រាជរដ្ឋាភិបាល ពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនា បតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
បន្តកិច្ចសហការល្អ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ តុលាការគ្រប់ជាន់ថ្នាក់អង្គភាពពាក់ ព័ន្ធ និងមិនត្រូវមើលរំលង អំពីកិច្ចសហាករជាមួយមន្ទីរកសិកម្មរាជធានី-ខេត្ត ដើម្បីឲ្យដំណើរ ការអនុវត្តន៍គ្រប់វិស័យព្រៃឈើ ទទួលបានលទ្ធផលល្អ និងមានប្រសិទ្ធភាព។
ទន្ទឹមនេះក៏ត្រូវ បន្តខិតខំស្វែងរកដៃគូអភិវឌ្ឍន៍ធនធានមនុស្សការងារស្រាវជ្រាវ ការស្វះស្វែងរកថវិកា ដើម្បីអភិវឌ្ឍន៍ក្នុងវិស័យ។ល។ មន្ត្រីទើបតែងតាំងថ្មី ត្រូវខិតខំយកចំណេះដឹង ជំនាញ និងបទ ពិសោធន៍ការងាររបស់ខ្លួនទៅប្រើប្រាស់ ឲ្យអស់ពីលទ្ធភាព សមត្ថភាព និងមានប្រសិទ្ធភាព ដើម្បីជាការឆ្លើយតបទៅនឹងទំនុកចិត្ត និងក្តីសង្ឃឹមរបស់ថ្នាក់ដឹកនាំក្រសួង។