ថ្ងៃអង្គារ ៥ រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការពិនិត្យដោះស្រាយ និងសម្រួលនីតិវិធីនាំចេញ-នាំចូល របស់វិស័យឯកជន តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
នារសៀលថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២១ នៅសាលប្រជុំនៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដមរដ្ឋមន្រ្ដីនោះឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយមន្ត្ត្រីជំនាញថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធក្រោមឱវាទបានចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាដោះស្រាយបញ្ហាប្រឈមនៃការអនុវត្តអនុក្រឹត្យលេខ១៧ អនក្រ.បក ចុះថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីបញ្ជីទំនិញហាមឃាត់ និងជាប់កម្រិតកំណត់របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយឯកឧត្ដម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ពីក្រសួងសុខាភិបាល ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
គោលបំណងនៃការរៀបចំកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេស ដើម្បីពិនិត្យលទ្ធភាពដោះស្រាយបញ្ហា ដែលកើតមានឡើងនៃការអនុវត្ដអនុក្រឹត្យលេខ១៧ អនក្រ.បក នាពេលកន្លងមក ដើម្បីជៀសវាងនូវការរាំងស្ទះដល់ដំណើរការនាំចេញ-នាំចូលទំនិញ។
បន្ទាប់ពីឯកឧត្ដមប្រធានអង្គប្រជុំមានប្រសាសន៍សា្វគមន៍ និងបើកកិច្ចប្រជុំ អង្គប្រជុំបានចូលរួមស្ដាប់ការធ្វើបទបង្ហាញពីដំណើរការនៃការរៀបចំនៃអនុក្រឹត្យលេខ១៧ អនក្រ.បក និងបញ្ហាប្រឈមនៅពេលអនុវត្តកន្លងមកកិច្ចប្រជុំបានផ្ដោតលើការពិភាក្សាលើ ៥ ចំណុចរួមមាន៖
១.ការជ្រួតជ្រាបអំពីការអនុវត្តអនុក្រឹត្យលេខ១៧ អនក្រ.បក ដោយគ្រប់ភាគីពាក់ព័ន្ធនៅមានកម្រិត
២.ការចេញលិខិតអនុញ្ញាតនាំចេញ-នាំចូលតាមការស្នើរបស់ធុរជន ដែលទំនិញខ្លះពុំមានបញ្ជីរបស់សាមីក្រសួង
៣.ការតម្រូវលិខិតអនុញ្ញាតនាំចេញ-នាំចូល លើសពីបញ្ញាត្តិនៃអនុក្រឹត្យលេខ១៧ អនក្រ.បក ជាធរមាន
៤.ការបញ្ជូលព័ត៌មានពុំស៊ីចង្វាក់គ្នាជាមួយឯកសារពាណិជ្ជកម្មទៅក្នុងលិខិតអនុញ្ញាតនាំចេញ-នាំចូល
៥.ការស្នើសុំបញ្ចូលមុខទំនិញមួយចំនួនទៅក្នុងឧបសម្ព័ន្ធ ២ អនុក្រឹត្យលេខ១៧ អនក្រ.បក