កូនជ្រូកចំនួន៦០ក្បាល និងស្មៅ៦មុខ ត្រូវបានផ្ដល់ ជូនដល់កសិករគំរូ ចំនួន៦០នាក់ នៅឃុំគូស ស្រុកត្រាំកក់ កាលពីពេលថ្មីៗនេះ ក្រោមការចូលរួម របស់ឯកឧត្តមបណ្ឌិត ចាន់ សារុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលជាម្ចាស់អំណោយ។
ក្នុងឱកាសនោះ ក៏មានការជួបពេទ្យសត្វ ភូមិចំនួន១០០នាក់ផងដែរ។ កសិករគំរូ ក្រៅពីទទួលបានកូនជ្រូក ស្មៅ៦មុខ ក៏នូវទទួលបានអាវយឺត និងសៀវភៅណែនាំ អំពីវិធីចិញ្ចឹមសត្វដែរ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ថា ពេលបានកូនជ្រូកហើយ ត្រូវចេះថែរក្សា ហើយទំលាប់ ដែលមិនយកចិត្តទុកដាក់ ក្នុងការជ្រើសរើសពូជ និងថែទាំត្រូវបោះបង់ចោល។ ពោលគឺចិញ្ចឹមសត្វ ត្រូវតែចេះជ្រើសរើសពូជ និងថែទាំ។ ជាមួយគ្នានេះ កសិករគំរូត្រូវឧស្សាហ៍ជួបជុំគ្នាផ្ដល់ និងផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក។
ឯកឧត្តមបន្តទៀតថា ចាប់ពីពេលនេះទៅ មិនត្រូវពឹងផ្អែកលើដំណាំស្រូវ តែមួយមុខនោះទេ ត្រូវចាប់យកមុខរបរផ្សេងទៀត ដូចជាការចិញ្ចឹមសត្វ ដាំបន្លែជាដើម ហើយមិនត្រូវមានទស្សនៈដាំ ឬចិញ្ចឹមសំរាប់តែផ្គត់ផ្គង់គ្រួសារប៉ុណ្ណោះទេ។
ឯកឧត្តមរដ្ឋមន្ត្រី ក៍បានរំលឹកឱ្យកសិករ ចាប់អារម្មណ៍ផងដែរ ទៅលើការដាំស្មៅពូជ ដែលបានផ្សព្វផ្សាយ ហើយពេទ្យសត្វភូមិ ក៏ត្រូវសកម្មក្នុងការជួយអប់រំជួយណែនាំដល់កសិករ លើការងារនេះ៕