កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤នេះ ឯកឧត្ដម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរួមដំណើរដោយឯកឧត្ដម ទី សុគន្ធ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដម សូខនឫទ្ធិគុណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងប្រធានអង្គភាពជំនាញមួយចំនួនទៀត បានអញ្ជើញទៅពិនិត្យវាយតម្លៃការងារបង្កបង្កើនផលស្រូវរដូវវស្សានៅតាមភូមិមួយចំនួនក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។
អញ្ជើញរួមដំណើរនាឱកាសនោះដែររួមមាន ឯកឧត្ដម ជឹម សុខុន អភិបាលរងខេត្តកណ្តាល និងមន្ត្រីរាជការនៃមន្ទីរកសិកម្មខេត្តកណ្តាលមួយចំនួនទៀត។ គោលបំណងនៃដំណើរបេសកកម្មរបស់ឯកឧត្ដមរដ្ឋមន្ត្រីនាឱកាសនោះគឺដើម្បីពិនិត្យស្ថានភាពទូទៅស្រូវវស្សាដែលតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តកណ្តាលបានឲ្យដឹងថា គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០១៤នេះ ព្រួស ស្ទូងបាន 37,883 ហិកតាគឺស្មើនឹង 94,7ភាគរយ នៃផែនការ 40,000 ហិកតា។
នាឱកាសនោះដែរឧត្ដមរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន និងប្រតិភូរួមដំណើរក៏បានអញ្ជើញពិនិត្យវាយតម្លៃលទ្ធផលការងារធ្វើស្រែរបស់កសិករគំរូ សួន ប៉ាល់ នៅភូមិកណ្តាល ឃុំក្រាំងយ៉ូវ ដែលបានការបណ្តុះបណ្តាលពីមន្ត្រីជំនាញអគ្គនាយកដ្ឋានកសិកម្ម និងវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍កសិកម្មកម្ពុជា CARDI មានសមត្ថភាពអាចបង្កាត់ពូជស្រូវដោយប្រើការរើសយកពូជស្រូវផ្កាខ្ញីបង្កាត់ជាមួយពូជស្រូវ IR66 បានពូជថ្មីមួយប្រភេទជាប្រភេទពូជស្រូវស្រាលមិនប្រកាន់រដូវ មានរយៈពី ៩៥ថ្ងៃទៅ ១០៥ថ្ងៃ និងមានគុណភាពគ្រាប់អង្ករល្អ។ ឯកឧត្ដមរដ្ឋមន្ត្រីបានស្ងើចសរសើរ និងវាយតម្លៃខ្ពស់ពីការខិតខំប្រឹងប្រែងរបស់កសិករ សួន ប៉ាល់ ដោយសម្រេចបានស្នាដៃគួរឲ្យកត់សម្គាល់។ ឯកឧត្ដមរដ្ឋមន្ត្រីបានសំណូមពរសូមឲ្យពង្រីកពូជស្រូវថ្មីនេះបន្ថែមទៀតទាំងក្នុងតំបន់នេះ និងនៅតាមបណ្តាឃុំផ្សេងៗ។ តមកឯកឧត្ដមរដ្ឋមន្ត្រី និងប្រតិភូរួមដំណើរបានបន្តដំណើរអញ្ជើញទៅពិនិត្យដំណាំម្រះរបស់កសិករ ផាត សុខា នៅភូមិទួលក្រូច ឃុំក្រាំងយ៉ូវ ដែលរហូតមកដល់ពេលនេះគឺបានផ្តល់ផលដែលជាប្រភពចំណូលជាទីពេញចិត្ត ខណៈនោះឯកឧត្ដមរដ្ឋមន្ត្រីអ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ផ្តល់នូវការលើកទឹកចិត្ត និងសំណូមពរសូមឲ្យខិតខំបន្តទៀត ព្រោះថាបើយើងពឹងផ្អែកតែទៅលើដំណាំស្រូវមួយមុខ គឺមិនអាចកែប្រែជីវភាពឲ្យធូរធារបានឆាប់ឡើយ ជាពិសេសដំណាំបន្លែមានរយៈពេលខ្លីឆាប់បានប្រមូលផល និងទទួលបានប្រាក់ចំនូលទាន់ចិត្ត៕