រដ្ឋមន្ត្រីកសិកម្មនៃប្រទេសកម្ពុជា បានថ្លែងថា កសិកម្មនឹងក្លាយជាវិស័យដ៏មានសក្តានុពលមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
លោក ច័ន្ទ សារុន រដ្ឋមន្ត្រីកសិកម្មបានថ្លែងយ៉ាងដូច្នេះនៅក្នុងកិច្ចសំណោះសំណាលជាមួយយុវជនក្នុងសិក្ខាសាលាមួយស្តីពីកសិកម្ម ដែលរៀបចំឡើងដោយអង្គការ សេដាក់ ៖ «ខ្ញុំគិតថា ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាប្រែប្រួលមានតែវិស័យកសិកម្មទេ មិនមែនជាវិស័យជលផល មិនមែនជាវិស័យព្រៃឈើ មិនមែនជាវិស័យកៅស៊ូ តែវិស័យកសិកម្ម ព្រោះអី? ប្រជាពលរដ្ឋ ៨៥% រស់នៅជនបទ ហើយពឹងផ្អែកកសិកម្មនេះឯង។ ខ្ញុំបានចុចបញ្ហានេះ ហើយមានតែពីរទេ ការចិញ្ចឹមសត្វនិងផលិតផលកសិកម្មនេះឯង ដែលជំរុញប្រទេសនេះឲ្យទៅមុខបាន»។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ច័ន្ទ សារុន ថែមទាំងមានទស្សនវិស័យដោយសុទិដ្ឋិនិយមថា វិស័យកសិកម្មនេះ នឹងជួយឲ្យពលរដ្ឋខ្មែរមានជីវភាពប្រសើរឡើង ៖ «យើងមានគោលដៅហើយស្រេចថា ភ្លឺស្វាងទៅថ្ងៃមុខអ៊ីចឹងថ្ងៃនេះជាកសិករ ប៉ុន្តែថ្ងៃក្រោយប្រាកដទៅជាថៅកែធំម្នាក់។ ហើយរឿងនេះ កសិករជាច្រើនក្នុងប្រទេសយើងនេះបានធ្វើរួចស្រេចហើយ ប្អូនមើលចុះកសិករគំរូច្រើនណាស់ កសិដ្ឋានគ្រាន់តែចិញ្ចឹមត្រីគាត់អាចរកបាន ៥ពាន់ ទៅមួយម៉ឺនដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ»។
កំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះ គឺអាស្រ័យលើវិស័យជាអាទិភាពចំនួន៤ ដែលក្នុងនោះរួមមានវិស័យទេសចរណ៍ វិស័យកាត់ដេរ វិស័យសំណង់ និងវិស័យកសិកម្ម។ ក៏ប៉ុន្តែក្រុមអ្នកសេដ្ឋកិច្ចនិងមន្ត្រីរដ្ឋាភិបាលខ្មែរ ថ្លែងទទួលស្គាល់ថា វិស័យសំខាន់ខាងលើនេះកំពុងបន្តរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលកើតឡើងនាពេលថ្មីៗ។
លោករដ្ឋមន្ត្រី ច័ន្ទ សារុន បានថ្លែងស្របនឹងលើកឡើងរបស់អ្នកសេដ្ឋកិច្ច។ ក៏ប៉ុន្តែ លោកបានថ្លែងថា វិស័យកសិកម្មរបស់កម្ពុជានឹងមិនរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិសេដ្ឋកិច្ចពិភពលោកនោះឡើយ ហើយលោកថែមទាំងបានព្យាករណ៍យ៉ាងដូច្នេះទៀតថា ៖ «អ៊ីចឹងនៅតែវិស័យមួយគត់គឺវិស័យកសិកម្ម ហើយត្រូវចាំពីនេះទៅមុខទៀត នៅតែវិស័យកសិកម្មមួយទេ ដែលអាចធានានិរន្តរភាពនិងចិរភាពសេដ្ឋកិច្ចកម្ពុជា អ៊ីចឹងទាំងអស់គ្នា ត្រូវចូលលើកស្ទួយវិស័យកសិកម្មដើម្បីកសិកម្មក្លាយទៅជាមុខរបរមួយសម្រាប់កសិករផង សម្រាប់និរន្តរភាពនិងកំណើនសេដ្ឋកិច្ចប្រទេសជាតិផង»។
របាយការណ៍ពីមន្ត្រីកសិកម្មនិងពលរដ្ឋជាកសិករ ក៏បានលើកឡើងដែរថា តម្លៃកសិផល ដូចជា ពោត សណ្តែក ល្ង ជាពិសេស គឺដំណាំស្រូវផងនោះ បានធ្លាក់ថ្លៃនៅចុងឆ្នាំនេះ គឺនៅស្របពេលដែលកសិករកំពុងប្រមូលផល។
កសិករមួយរូបនៅឯស្រុករតនមណ្ឌល ខែត្របាត់ដំបង គឺលោក ង៉ុយ បានថ្លែងយ៉ាងដូច្នេះថា ៖ «សូមសំណូមពរឲ្យរដ្ឋាភិបាលជួយប្រជាពលរដ្ឋដែលនៅតំបន់ដាច់ស្រយាល ដូចជាគាត់ផលិតផលដំណាំបានអ៊ីចឹងទៅ ទី១ អត់ផ្លូវ ខែវស្សាភ្លៀង ភក់ជ្រាំពិបាកនាំចេញនាំចូលមកផ្លូវធំបាន។ ហើយទី២ ឲ្យរដ្ឋាភិបាលដោះស្រាយយ៉ាងណាឲ្យមានទីផ្សារតម្លៃ ផលដូចថាកសិករធ្វើបានវាថោក ដូចជាពោតឥឡូវថោក»។
រហូតមកទល់សព្វថ្ងៃនេះ កម្ពុជាគឺនៅមានពលរដ្ឋយ៉ាងហោច ៨០ភាគរយគឺជាកសិករ ហើយដែលការដាំដុះភាគច្រើនក្នុងលក្ខណៈយថាផលនៅឡើយ។ របាយការណ៍ពីរដ្ឋាភិបាលបានឲ្យដឹងដែរថា ពលរដ្ឋខ្មែរជាង ៣៤% គឺកំពុងរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រនៅឡើយ។
លោកបណ្ឌិត យ៉ង សាំងកុមារ ជានាយកអង្គការសេដាក់ ថ្លែងឲ្យដឹងថា យោងតាមការសិក្សាស្រាវជ្រាវលើខេត្តចំនួន១៣ ដែលជាខេត្តមានសក្តានុពលខាងកសិកម្មបានបង្ហាញថា ប្រព័ន្ធធារាសាស្ត្រនៅទីនោះ គឺមានត្រឹមតែជាង ៣០% ប៉ុណ្ណោះ ដែលចំនួននេះគឺមិនអាចផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ការស្រោចស្រពដំណាំនោះឡើយ។
ជាមធ្យម កសិករខ្មែរអាចដាំដុះស្រូវបានក្នុងបរិមាណជាង ២តោន ក្នុងមួយហិកតារ។ ក៏ប៉ុន្តែគេរំពឹងថា ទិន្នផលស្រូវនឹងអាចកើនឡើងជាងនេះ នៅពេលដែលមានប្រព័ន្ធស្រោចស្រពទឹកគ្រប់គ្រាន់ និងការដាំដុះថែទាំសន្ទូងតាមបច្ចេកទេសកសិកម្ម។
លោកបណ្ឌិត យ៉ង សាំងកុមារ បានថ្លែងបន្តថា បើកម្ពុជានៅតែគ្មានប្រព័ន្ធធារារាស្ត្រគ្រប់គ្រាន់នោះ គំនិតដែលចង់លើកស្ទួយជីវភាពពលរដ្ឋខ្មែរ តាមរយៈវិស័យកសិកម្មគឺមិនអាចទៅរួចឡើយ ហើយនៅពេលនោះ ភាពក្រីក្រីនិងភាពអត់ឃ្លាននឹងនៅតែបន្តញាំញីកសិករខ្មែរតទៅទៀត៕