នៅសណ្ឋាគារអង្គរផាលេសខេត្តសៀមរាប នាព្រឹកថ្ងៃអង្គារ៍ ២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ មានរៀបចំកិច្ចប្រជុំពេញអង្គលើកទី៨ នៃវេទិកាស្តីពី “ផលិតកម្មស្រូវប្រកបដោយនិរន្តរភាព” ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយឯកឧត្តម អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា តំណាងមកពីស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងសមាជិក សមាជិកាប្រមាណ ២៥០នាក់។ វេទិកានេះត្រូវបានរៀបចំឡើងដោយអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយអង្គការរួមមាន IRRI, WCS, IFC, Global Affairs Canada, UN Environment និង FAO ក្នុងគោលបំណងទី១- លើកកម្ពស់ផលិតកម្មស្រូវប្រកបដោយគុណភាព ប្រសិទ្ធភាពសេដ្ឋកិច្ច និងនិរន្តរភាពបរិស្ថាន ទី២- ការបង្កើនប្រសិទ្ធភាព និងភាពប្រកួតប្រជែងក្នុងការកែច្នៃអង្ករ ទី៣- ការធ្វើពិពិធកម្មទីផ្សារអង្ករ និងជំរុញការនាំចេញ និងទី៤- បញ្ហាប្រឈម។លោកស្រី Jacqueline Hughes នាយករងវិទ្យាស្ថាន IRRI និងលោកស្រី Kundhavi Kadiresan តំណាងអង្គការ FAO ប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិច បានធ្វើបទអន្តរាគមន៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីស្ថានភាពទូទៅនៃផលិតកម្មស្រូវ ការកែច្នៃ ការធ្វើពាណិជ្ជកម្ម ការងារស្រាវជ្រាវ ផ្សព្វផ្សាយ តម្លៃបន្ថែម ខ្សែច្រវាក់ផលិតកម្ម ការចូលរួមអភិវឌ្ឍន៍ពីគ្រប់ភាគីពាក់ព័ន្ធ វិស័យឯកជន និងបញ្ហាប្រឈមសំខាន់ៗដូចជាបញ្ហាជំងឺ សត្វល្អិត ការប្រែប្រួលអាកាសធាតុ និងបញ្ហាឱនភាពដីដែលអាចប៉ះពាល់ដល់ផលិតកម្មស្រូវ និងការផ្លាស់ប្តូរកម្មវត្ថុនៃការប្រើប្រាស់ដីកសិកម្ម ទៅជាដីលំនៅឋានវិញ។ល។
បន្ទាប់មក ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះសមាជិក សមាជិកាទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំពេញអង្គលើកទី៨នៃវេទិកាស្តីពី “ផលិតកម្មស្រូវប្រកបដោយនិរន្តរភាព” ដ៏មានសារសំខាន់នាពេលនេ ហើយលោកក៏បានថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានាដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងរៀបចំវេទិកានេះឡើងបានយ៉ាងល្អប្រសើរ។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ជូនអង្គពិធីជ្រាបថា បច្ចុប្បន្នវិស័យកសិកម្មកម្ពុជាកំពុងមានសក្តានុពល កាលានុវត្តភាព និងឧត្តមភាពសម្រាប់ទីផ្សារផលិតផលកសិកម្ម និងវត្ថុធាតុដើមនៅក្នុងតំបន់ និងនៅលើសាកលលោក ដោយប្រទេសកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញអង្ករធំៗទាំង១០ ដែលក្នុងឆ្នាំ២០១៧ កម្ពុជាផលិតស្រូវបានចំនួនជាង ១០,៥លានតោន សល់ស្រូវចំនួនជាង៥លានតោនសម្រាប់នាំចេញ និងបាននាំចេញអង្ករផ្លូវការចំនួនជាង ៦៣៥ពាន់តោន។ បច្ចុប្បន្ន ដើម្បីឱ្យវិស័យនេះមានការរីកចម្រើនថែមមួយកម្រិតទៀត រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងចក្ខុវិស័យក្នុងការធ្វើទំនើបភាវូបនីយកម្មផលិតកម្មកសិកម្មឱ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តរភាព ដែលនាំដល់កំណើនប្រាក់ចំណូល វិបុលភាព និងសុខុមាលភាពជូនប្រជាជន។ ជារួម គោលដៅអភិវឌ្ឍន៍វិស័យកសិកម្មគឺត្រូវបង្កើនការនាំចេញកសិផល ប្រកបដោយគុណភាព និងសុវត្ថិភាព តាមរយៈការលើកកម្ពស់ផលិតភាពផលិតកម្ម បង្កើនតម្លៃបន្ថែម និងពង្រីកការប្រកួតប្រជែងទីផ្សារ ព្រមទាំងរក្សាបានតុល្យភាពនៃការប្រើប្រាស់ដីកសិកម្មប្រកបដោយនិរន្តរភាព។
ឆ្លៀតក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់យោបល់់មួយចំនួនជូនអង្គេពិធីដើម្បីជាចក្ខុវិស័យអនុវត្ត ផលិតកម្មស្រូវប្រកបដោយនិរន្ដរភាព ដូចខាងក្រោម៖
ទី១- ត្រូវគិតគូររៀបចំដីស្រែឱ្យបានត្រឹមត្រូវតាមបច្ចេកទេស គ្រប់គ្រងទឹក ជី និងសត្វល្អិតឱ្យបានល្អ។ ត្រូវជ្រើសរើសប្រភេទពូជ ដែលផ្តល់ទិន្នផលខ្ពស់ សមស្របនឹងក្សេត្របរិស្ថាន ធន់នឹងការប្រែប្រួលអាកាសធាតុ ឆ្លើយតបនឹងតម្រូវការទីផ្សារ។ ត្រូវផ្តល់ការលើកទឹកចិត្ត និងពង្រឹងសមត្ថភាពរបស់សហគមន៍កសិកម្ម ដើម្បីផលិតក្នុងទ្រង់ទ្រាយធំ ដោយអនុវត្តយន្តការផលិតកម្មកសិកម្ម តាមកិច្ចសន្យាដោយស្មោះត្រង់រវាងអ្នកផលិត និងអ្នកប្រមូលទិញ ដោយអនុវត្តតាមស្តង់ដារផលិតកម្មស្រូវប្រកបដោយនិរន្តរភាព រួមបញ្ចូលទាំងការអនុវត្តកសិកម្មល្អ និងកសិកម្មសរីរាង្គ។
ទី២- ត្រូវបង្កើតស្តង់ដារផលិតកម្មស្រូវប្រកបដោយនិរន្តរភាព ព្រមទាំងកំណត់សូចនាករ និងយន្តការក្នុងការវាយតម្លៃបញ្ជាក់គុណភាពឱ្យបានត្រឹមត្រូវ ដើម្បីទទួលផលិតផលល្អពិតប្រាកដ ដែលទទួល ស្គាល់ដោយទីផ្សារជាតិ និងអន្តរជាតិ។
ទី៣- ត្រូវគ្រប់គ្រងជីជាតិដីឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវនិរន្តរភាពផលិតកម្ម ប្រសិទ្ធភាពសេដ្ឋកិច្ច និងតុល្យភាពប្រព័ន្ធបរិស្ថាន តាមរយៈការប្រើប្រាស់ជី ជាលក្ខណៈចម្រុះរវាងជីធម្មជាតិនិងជីគីមី ដោយផ្អែកលើប្រភេទដី និងតាមតម្រូវការជាក់ស្តែងរបស់ដំណាំ។ ព្យាយាមដាំដំណាំឆ្លាស់ ដូចជាដំណាំអំបូរសណ្តែកជាមួយដំណាំស្រូវ ដើម្បីកែលម្អគុណភាពដី បង្កើនជីជាតិដី និងកាត់បន្ថយការបំផ្លាញរបស់សមាសភាពចង្រៃ។ ទន្ទឹមនឹងនេះ ត្រូវអនុវត្តបច្ចេកទេសប្រមូលផល និងក្រោយពេលប្រមូលផលឱ្យបានល្អប្រសើរ ដើម្បីកាត់បន្ថយការបាត់បង់ផលស្រូវ និងបង្កើនគុណភាពស្រូវ អង្ករ ស្របតាមស្តង់ដារដែលអាចទទួលបានតម្លៃខ្ពស់នៅលើទីផ្សារ។
ទី៤- ត្រូវបន្តពង្រឹង និងពង្រីកចំណងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូឱ្យបានល្អរវាងវិទ្យាស្ថាន IRRI និង UN Environment ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងប្រទេសដើម្បីជាប្រយោជន៍ដល់គ្រប់ភាគី ជាពិសេសដល់ប្រជាកសិករតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍ និងសហគមន៍”។
ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមថាគំនិត ទស្សនៈ និងបទពិសោធន៍ថ្មីៗពីអ្នកជំនាញ ក៏ដូចជាភាគីពាក់ព័ន្ធនានាដែលចូលរួមក្នុងអង្គវេទិកានេះពិតជាធាតុចូលដ៏មានសារៈសំខាន់ សម្រាប់ការចងក្រងនូវគោលនយោបាយ ផែនការមេអភិវឌ្ឍន៍វិស័យកសិកម្ម និងវិធានការជាដំណោះស្រាយនាពេលខាងមុខប្រកបដោយប្រសិទ្ធផល។