ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបគណ:ប្រតិភូដែលអញ្ជើញមកពីក្រុមហ៊ុនស៊ីភី វៀតណាម ដឹកនាំដោយលោក ឡេ ស៊ឹងវួយ និងសហការី ដើម្បីសម្តែងការគួរសម
ចេញផ្សាយ ២៧ មិថុនា ២០១៩
2959
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃចន្ទ ៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបគណ:ប្រតិភូដែលអញ្ជើញមកពីក្រុមហ៊ុនស៊ីភី វៀតណាម ដឹកនាំដោយលោក ឡេ ស៊ឹងវួយ និងសហការី ដើម្បីសម្តែងការគួរសមក្នុងឱកាសមកបំពេញទស្សនកិច្ចនៅកម្ពុជា និងពិភាក្សាការងារទាក់ទងកិច្ចសហប្រតិបត្តិការលើវិស័យផលិតកម្មជ្រូករវាងប្រទេសទាំងពីរ។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រុមហ៊ុនស៊ីភីវៀតណាមសម្រេចបាននាពេលកន្លងមកទាំងការងារផលិតកម្ម និងបសុព្យាបាល និងជាពិសេសថ្មីៗនេះបានទប់ស្កាត់ការរាលឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកក្នុងកសិដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរ។ មេរៀន និងបទពិសោធន៍ដ៏ល្អៗទាំងអស់នេះ កម្ពុជានឹងរៀនសូត្រតាមដើម្បីជាទុនក្នុងការលើកតម្កើងផ្នែកបច្ចេកទេសទាំងការងារផលិតកម្ម និងបសុព្យាបាល ជាពិសេសយន្តការនៃការទប់ស្កាត់ និងលុបបំបាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិកដ៏កាចសាហាវនេះ។ ព្រមជាមួយនឹង ភាពជោគជ័យដែលក្រុមហ៊ុនស៊ីភីវៀតណាមសម្រេចបាន ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឲ្យក្រុមហ៊ុមពិចារណាពង្រីកការវិនិយោគមកកម្ពុជា ដោយសហការជាមួយក្រុមហ៊ុនស៊ីភីកម្ពុជាដើម្បីបង្កើនផលិតកម្មជ្រូកសាច់ក្នុងស្រុកធានាដល់ចំនួនផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់ ធានាគុណភាព និងសុវត្ថិភាពសាច់គ្មានជំងឺឆ្លង មួយវិញទៀតការវិនិយោគនេះអាចជួយបង្កើតការងារជូនប្រជាពលរដ្ឋ និងជាពិសេសប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឲ្យអស់លទ្ធភាព។
កិច្ចប្រជុំនាថ្ងៃនេះភាគីទាំងពីរបានឯកភាពឲ្យអគ្គនាយកដ្ឋនាសុខភាពសត្វ និងផលិតកម្មសត្វ ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅក្រុមហ៊ុនស៊ីភីវៀតណាមដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងស្វែង យល់បន្ថែមពីការងារបច្ចេកទេសចិញ្ចឹម ការផលិតចំណី និងជាពិសេសយន្តការនៃការការពារ និងទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិកដែលក្រុមហ៊ុនបានអនុវត្តនាពេលកន្លងមក ហើយទទួលបានជោគជ័យ។