ប្រព័ន្ធស្រោចស្រពតាម៉ឹង ដែលជាប្រព័ន្ធស្រោចស្រពកម្រិតមូលដ្ឋានមួយ នៅភូមិត្រពាំងក្រសាំង ឃុំអូសារាយ ស្រុកត្រាំកក់ ត្រូវបានសម្ពោធ កាលពីពេលថ្មីៗ ក្រោមការអញ្ជើញចូលរួមរបស់ឯកឩត្តមបណ្ឌិតច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងមន្ត្រីក្រុមការងាររបស់ឯកឧត្តម និងប្រជាកសិករជាច្រើនរយនាក់។
ឃុំអូរសារាយ ត្រូវបានគេមើលឃើញថា ជាឃុំមួយ ដែលមានលទ្ធភាព ប្រសើរជាងគេ ក្នុងចំណោមឃុំដ៏ទៃទៀត របស់ស្រុកត្រាំកក់ ដោយសារមានទំនប់ខ្ពបត្របែក និងប្រព័ន្ធស្រោចស្រពគ្រប់គ្រាន់ ។ ក្នុងរដូវបង្ករបង្កើនផលឆ្នាំនេះ គិតត្រឹមជាងពាក់កណ្តាលខែកញ្ញា ឃុំសម្រេចបានចំនួន ២.៥៨៥ ហិកតា ស្មើនឹង ១០៩,៦២ ភាគរយនៃផែនការ ។
ឯកឩត្តមរដ្ឋមន្ត្រី បានមានប្រសាសន៏នៅទីនោះថា ទោះជាធ្វើបានច្រើនលើសផែនការក៏ដោយ ក៏ត្រូវជំរុញថែមទៀត ធ្វើនៅលើផ្ទៃដីដែលនៅសេសសល់ ពោលគឺមានលទ្ធភាពធ្វើ ត្រូវតែធ្វើ, ត្រូវតែប្រើប្រាស់អំណោយផល ដែលមានអោយអស់ពីលទ្ធភាព។ ជាមួយគ្នានេះ ក៏ត្រូវថែទាំស្រូវរហូតដល់ពេលប្រមូលផល ។
ឯកឩត្តមរដ្ឋមន្ត្រី បានបង្ហាញឱ្យឃើញផងដែរ នូវសមិទ្ធិនានា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខ បានធ្វើអោយប្រទេសមានការអភិវឌ្ឍន៏លើគ្រប់វិស័យ ដែលក្នុងនោះវិស័យកសិកម្ម រាជរដ្ឋាភិបាន បានយកចិត្តទុកដាក់ជាខ្លាំង ជាមួយនឹងផ្តល់នូវថវិការជាច្រើន ដើម្បីកសាងប្រព័ន្ធធារាសាស្ត្រសំខាន់ៗ ដែលជាឱកាសសំរាប់កសិករយើង ។
ឯកឩត្តមរដ្ឋមន្ត្រី បានជូនជាយោបល់ផងដែរ ឱ្យកសិករ ផ្ទេរដីស្រែមួយចំនួន នៅក្រោយពេលច្រូតកាត់រួច ទៅធ្វើចំការថែមទៀត ពីព្រោះនៅទីនោះមានប្រភពទឹក ។ ឯកឩត្តម ក៏បានប្រាប់មន្ត្រីមូលដ្ឋាននឹងជំនាញ អោយយកចិត្តទុកដាក់លើការអប់រំបណ្តុះបណ្តាលកសិករ ។
ឯកឩត្តមបញ្ជាក់ថា បើចង់រំដោះភាពក្រីក្រ ត្រូវយកចិត្តទុកដាក់នៅលើការងារនេះ ដោយផ្តោតទៅលើគ្រូបង្រៀនកសិករគំរូ និងពេទ្យសត្វភូមិ ។ ឯកឩត្តម បញ្ជាក់ថា ត្រូវបំប៉នគេជាប្រចាំដើម្បីអោយធនធាននេះក្លាយជាជនគំរូដល់កសិករ ៕