ស្រះទឹកសហគមន៏មួយ ដែលមានទំហំ២០០ម៉ែត្រគូណនឹង៣០ម៉ែត្រ ជម្រៅ២ម៉ែត្រ ស្ថិតនៅភូមិព្រៃឈើទាល ឃុំឧត្ដមសូរិយា ស្រុកត្រាំកក់ ត្រូវបានសម្ពោធ កាលពីពេលថ្មីៗនេះ ក្រោមការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ដ្រីក្រុមការងាររបស់ឯកឧត្ដម។
ស្រះទឹកនេះ ត្រូវបានជួយដោយឯកឧត្ដមរដ្ឋមន្ដ្រីកសិកម្ម មន្ដ្រីក្រុមការងារ និងប្រជាជនចូលរួមគ្នា ។ គេបានរំពឹងថា ដោយមានស្រះទឹកដ៏ធំគួរសមនេះសហគមន៏នៅទីនោះ នឹងអាចដោះ ស្រាយបាននូវបញ្ហាទឹកប្រើប្រាស់សម្រាប់មនុស្ស សត្វ និងការដាំដុះបន្ដិចបន្ដួច។
ឯកឧត្ដមរដ្ឋមន្ដ្រី បានកោតសរសើរចំពោះសមិទិ្ធថ្មីមួយនេះថា ជាការរួមចំណែកមួយក្នុងការបង្កើតភាពម្ចាស់លើបញ្ហាទឹកនៅក្នុងមូលដ្ឋាន ស្របទៅតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល និងគោលនយោបាយរបស់ក្រសួងកសិកម្ម ។
ឯកឧត្ដមបានសំណូមពរឱ្យប្រជាជនថែរក្សាសមិទ្ធិនេះ ជាមួយនឹងការប្រើប្រាស់ការគ្រប់គ្រងឱ្យបានល្អ ប្រើប្រាស់ចំទិសដៅនិងមានប្រសិទ្ធភាព។ មានទឹកត្រូវតែមានដំណាម មានរុក្ខជាតិខៀវស្រស់បំព្រង នៅមក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះឯកឧត្ដមរដ្ឋមន្ដ្រី ក៏បានជូនយោបល់ផងដែរ ទាក់ទងទៅការបង្កបង្កើនផល ដែលក្នុងនោះ គឺការប្ដូរពូជពីស្រូវធ្ងន់ មកប្រើពូជស្រូវស្រាល ស្រូវកណ្ដាល, ការអនុវត្ដន៏បច្ចេកទេសដាំដុះថ្មីដូចជាការសាប ការស្ទូង ការថែទាំ ដែលអាចឱ្យកសិករទទួលនូវទិន្នផលខ្ពស់។ កាត់បន្ថយការប្រើប្រាស់ជីធម្មជាតិ ថ្នាំបុរាណដែលមានប្រសិទ្ធភាព។ ការដាំដុះនៅលើផ្ទៃដដែលៗឱ្យអស់ពីលទ្ធភាពដែលអាចធ្វើទៅបាន៕