ក្រុមការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះសិក្សានិងប្រមូលព័ត៌មាន ដើម្បីធ្វើបច្ចុប្បន្នភាពតម្លៃផលិតកម្មដំណាំស្វាយចន្ទី នៅតាមបណ្តាខេត្តចំនួន៤ ចាប់ពីចុងខែកក្កដា រហូតដល់ដើមខែសីហា ឆ្នាំ២0២៤។ ខេត្តទាំង៤នោះ រួមមាន ខេត្តកំពង់ធំ សៀមរាប ព្រះវិហារ និងខេត្តស្ទឹងត្រែង។
ការសិក្សានេះចាប់ផ្តើមឡើងពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ដោយក្រុមការងាររបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គភាពពាក់ព័ន្ធ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងជួបជាមួយអាជ្ញាធរស្រុកនិងឃុំគោលដៅ។
នៅក្នុងបេសកកម្មនេះ ក្រុមការងារបានសម្ភាសកសិករម្ចាស់ចម្ការស្វាយចន្ទី សហគមន៍ស្វាយចន្ទី សហគ្រាស សិប្បកម្មកែច្នៃស្វាយចន្ទី អ្នកប្រមូលទិញ នៅតាមបណ្តាខេត្តទាំង៤នោះ ដើម្បីធ្វើបច្ចុប្បន្នភាពអំពីតម្លៃផលិតកម្មស្វាយចន្ទី គុណភាព ការកែច្នៃ ទីផ្សារ បញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ៕