កាលពីថ្ងៃទី ៣០ខែកក្កដា លោកស្រី សុខ កែវច័ន្ទ សារុន ភរិយាឯកឧត្ដមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ រួមជាមួយភរិយាថ្នាក់ដឹកនាំក្រោមឪវាទក្រសួង អាជ្ញាធរដែនដីបានចូលរួមជួយប្រមូលផលស្រូវបង្កើនរដូវរបស់ប្រជាពលរដ្ឋឃុំត្រពាំងធំ ខាងជើង ស្រុកត្រាំកក់ ។
តាមការបញ្ជាក់របស់លោក ឆាយ ញ៉េង មេឃុំត្រពាំងធំខាងជើង បានឱ្យដឹងថា គិតមកដល់ចុងខែកក្កដានេះ ប្រជាកសិករនៅទូទាំងឃុំ សម្រេចបង្កបង្កើនផលស្រូវ បានចំនួន៩៩០ហិកតា ក្នុងនោះស្រូវបង្កើនរដូវចំនួន ៥៨៥ហិកតា និងស្ទូងស្រូវកណ្ដាល បាន៤០៥ហិកតា នៅលើផ្ទៃដីបង្កបង្កើនផល សរុបជាង២ពាន់ហិកតា។ ជាមួយគ្នានេះ ប្រជាកសិករក៏បានយកចិត្ដទុកដាក់ ក្នុងការដាំដំណាំរួមផ្សំ និងន្លែបង្ការផ្សេងៗបានជាង៨ហិកតាផងដែរ។
លោកជំទាវសុខ កែវ ច័ន្ទ សារុនបានកោតសរសើរចំពោះប្រជាកសិករឃុំត្រពាំងធំខាងជើង ដែលបានខិតខំប្រឹងប្រែងជំរុញការងារបង្កបង្កើនផលស្រូវរដូវវស្សា ស្រូវបង្កើនរដូវដាំដំណាំរួមផ្សំ និងបន្លែបង្ការផ្សេងៗសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅក្នុងគ្រួសារបានសមរម្យ ។
លោកជំទាវក៏បានផ្ដាំផ្ញើ ដល់ប្រជាកសិករបន្ទាប់ពីការប្រមូលផលស្រូវបង្កើនរដូវរួមបងប្អូន មិនត្រូវទុកត្រូវទុកដីឱ្យនៅទំនេរឡើយ ពោលគឺត្រូវខិតខំឱ្យអស់ពីលទ្ធភាពក្នុងការធ្វើស្រូវ ឱ្យបានច្រើនដងក្នុង១ឆ្នាំ ក៏ដូចជាការដាំបន្លែបង្ការណា ដែលជាតម្រូវការទីផ្សារ និងមានតម្លៃខ្ពស់ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមក្នុងគ្រួសារ ។
តាមលោកជំទាវ សុខ កែវច័ន្ទ សារុន និងអ្នករួមដំណើរទាំងអស់ក៏បានជួយស្ទូងវស្សា និងជួយប្រមូលផលស្រូវបង្កើនរដូវរបស់ប្រជាកសិករភូមិត្រពាំងស្វាយ ឃុំត្រពាំងធំខាងជើងដែលជាលទ្ធផលក្នុងរយៈពេល១ថ្ងៃសម្រេចប្រមូលផលស្រូវបង្កើនរដូវបានចំនួន៣ហិកតា៧៥អា ៕