នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមស្តាប់ការធ្វើបទបង្ហាញរបស់ក្រុមហ៊ុន Enserv Holding Company Limited ស្តីពីគម្រោងបង្កើតកសិដ្ឋានដាំស្មៅ "Sorghum" និងគម្រោងសាងសង់រោងចក្រផលិតថាមពលជីវឧស្ម័នពីកាកសំណល់ស្មៅ "Sorghum" នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បន្ទាប់ពីបានទទួលស្តាប់ការធ្វើបទបង្ហាញ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាស្វាគមន៍ និងបើកទូលាយ ការវិនិយោគលើវិស័យកសិកម្ម តែចាំបាច់ត្រូវធ្វើការសិក្សាឱ្យបានច្បាស់លាស់ទាំងលក្ខណៈបច្ចេកទេស ច្បាប់ និងទីផ្សារឱ្យបានល្អ ដើម្បីឱ្យការវិនិយោគទទួលបានជោគជ័យ។
ជាយន្តការ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ក្រុមហ៊ុន ត្រូវពិនិត្យឱ្យបានល្អិតល្អន់ពីស្ថានភាព និងសិក្សាជាមួយកសិករ ធ្វើយ៉ាងណាឱ្យពួកគាត់មានចំណាប់អារម្មណ៍ចូលរួមក្នុងការដាំស្មៅនេះ ហើយជាពិសេសត្រូវមានកិច្ចសន្យាទិញពីពួកគាត់វិញ ដើម្បីបង្កើនទំនុកចិត្ត និងទទួលបានផលចំណេញទាំងអស់គ្នា។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី ការវិនិយោគនេះ គួរពិនិត្យលទ្ធភាពទាំងនៅកម្រិត Upstream និង Downstream ហើយត្រូវធ្វើឱ្យចេញជារូបរាង ឱ្យមានប្រសិទ្ធភាព ជួយដល់កសិករពិតប្រាកដ៕