នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ កម្មវិធី Stipendium Hungaricum Program របស់រដ្ឋាភិបាលប្រទេសហុងគ្រី ចំនួន ១៨នាក់ និងនិស្សិតជ័យលាភីអាហារូបករណ៍ រដ្ឋាភិបាលចិនចំនួន ១១រូប សរុបនិស្សិតចំនួន ២៩រូប។
ជំនួបជាមួយក្រុមនិស្សិតអាហារូបករណ៍នេះ ធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម ក្នុងគោលបំណង ដើម្បីផ្ដល់ជូនបទពិសោធ និងអនុសាសន៍ណែនាំពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មុននឹងក្រុមនិស្សិតជ័យលាភី ចេញដំណើរទៅបន្តការសិក្សានៅប្រទេសហុងគ្រី និងប្រទេសចិន ក្នុងឆ្នាំសិក្សា ២០២៤-២០២៥។
ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ បានគូសបញ្ជាក់ទៅដល់បេក្ខជន និងបេក្ខនារីជ័យលាភីទាំងអស់ ត្រូវចេះក្តាប់ឱកាសសិក្សាស្វែងយល់នូវបទពិសោធន៍ថ្មីៗបន្ថែមទៀត ក្នុងការកសាងសមត្ថភាពជំនាញបន្ថែម ដើម្បីបម្រើដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាក្នុងពេលបច្ចុប្បន្ន ជាពិសេសក្នុងពេលអនាគតឱ្យកាន់តែប្រសើរ ប្រកបដោយចំណេះជំនាញ និងបទពិសោធយ៉ាងពិតប្រាកដ៕