នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ស្រី សុទ្ធា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យជាក់ស្តែងពីផលប៉ះពាល់ និងការខូចខាតផលដំណាំដែលរងគ្រោះដោយទឹកជំនន់ ក្នុងនោះរួមមាន៖ ដំណាំស្រូវ ពោតក្រហម ដំឡូងមី និងល្ង ស្ថិតនៅឃុំខ្សាច់អណ្តែត ឃុំពង្រ និងឃុំហាន់ជ័យ ក្នុងស្រុកឆ្លូង ខេត្តក្រចេះ។
ក្រៅពីឃុំទាំងបីខាងដើម ឯកឧត្តម ស្រី សុទ្ធា និងក្រុមការងារបានបន្តដំណើចុះទៅពិនិត្យមើលផងដែរ ពីផលប៉ះពាល់ដូចគ្នានេះ នៅក្នុងឃុំបុសលាវ ស្រុកចិត្របុរី និង សង្កាត់រកាកណ្តាល ស្រុកក្រចេះ ខេត្តក្រចេះ។
តាមរយៈស្ថានភាពទឹកស្រកយឺតដែលអាចធ្វើឱ្យការខូចខាតបន្តកើនឡើង ឯកឧត្តម ស្រី សុទ្ធាបានណែនាំឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ និងអាជ្ញាធរមូលដ្ឋាន បន្តតាមដាន និងបូកសរុបផ្ទៃដីប៉ះពាល់ និងខូចខាតជាប្រចាំ ហើយរាយការណ៍ជូនថ្នាក់ដឹកនាំ និងក្រុមការងារគ្រោះមហន្តរាយក្រសួង ដើម្បីពិនិត្យលទ្ធភាពស្ដារឡើងវិញនៅពេលទឹកស្រក។
របាយការណ៍បន្ថែមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានឱ្យដឹងថា ដំណាំស្រូវដែលទទួលរងការលិចលង់មានចំនួន១៩៥៤ ហិកតា ស្មើនឹង១៥៨៧គ្រួសារ ខូចខាតចំនួន៤៨២ ហិកតា ស្មើនឹង ៥៩៣គ្រួសារ។ ចំពោះដំណាំពោតក្រហមលិចចំនួន២៧៦ ហិកតា ស្មើនឹង២៦៩គ្រួសារ ខូចខាតចំនួន ១១៥ហិកតា ស្មើនឹង៨២គ្រួសារ។ ចំណែកដំឡូងមីលិចចំនួន៤២០ ហិកតា ស្មើនឹង ៤០៣គ្រួសារ ខូចខាត១៦២ហិកតា ស្មើនឹង១១៦គ្រួសារ និងលិចដំណាំល្ងចំនួន៤ហិកតា ស្មើនឹង៤គ្រួសារ៕