នេះគឺជាអនុសាសន៍ណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងឱកាសចុះសាកសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយមន្ត្រីរដ្ឋបាលព្រៃឈើមេគង្គ ប្រជាពលរដ្ឋ និងព្រះសង្ឃ កាលពីថ្ងៃទី ១៤ ខែកញ្ញា រួមដំណើរជាមួយឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តម ឆេង គឹមស៊ុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលព្រៃឈើ និងមន្ត្រីថ្នាក់ដឹកនាំនាយកដ្ឋានមួយចំនួនទៀត នៅក្នុងបរិវេណសួនបណ្តុះកូនឈើសម្តេច ហ៊ុន សែន ស្គន់ ស្រុកជើងព្រៃ។
នាឱកាសនោះឯកឧត្តមប្រតិភូបានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបថា នៅឆ្នាំ ២០០៩ រដ្ឋបាលព្រៃឈើបានស្នើសុំអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាត់ផ្ទៃដីចំនួន ១៨,១៦៨ ម៉ែត្រការេ ពីសម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុនអាហ្គ្រោស្តារ ដើម្បីបង្កើតសួនបណ្តុះកូនឈើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រៃកុង និងទីស្នាក់ការរដ្ឋបាលព្រៃឈើជើងព្រៃអស់ទឹកប្រាក់សរុបប្រមាណ ៦២,២១៣ USD ។
បច្ចុប្បន្នសួនបានបណ្តុះកូនឈើបាន១៥ ប្រភេទចំនួន ៩២៦២៩ ដើមនិងបានចែកជូនប្រជាពលរដ្ឋបានចំនួន ៤០០០០ ដើម។ មានមតិសំណេះសំណាលជាមួយមន្ត្រី ប្រជាពលរដ្ឋ និងព្រះសង្ឃ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ដែលបានខិតខំប្រឹងប្រែងរៀបចំសួនបណ្តុះកូនឈើសម្តេចនេះឡើង។ ស្ថានីយបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយកូនឈើល្អៗគ្រប់ប្រភេទដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ក៏ដូចជាកន្លែងស្រាវជ្រាវ បណ្តុះបណ្តាលរបស់និស្សិតនិងប្រជាសហគមន៍ទូទៅផងដែរ។
សមិទ្ធផលនេះសរបញ្ជាក់់ពីការខិតខំប្រឹងប្រែងរបស់មន្ត្រីរដ្ឋបាលព្រៃឈើគ្រប់លំដាប់ថ្នាក់ ក្នុងឆន្ទះរួមចំណែកការពារ និងដាំឡើងវិញធ្វើយ៉ាងណាឲ្យគម្របព្រៃឈើដែលបាត់បង់កើតមានឡើងវិញ។
មានអនុសាសន៍បន្ថែមបានសង្កត់លើចំណុចសំខាន់ៗមួយចំនួនដូចខាង ក្រោម៖ - បទល្មើសព្រៃឈើគ្រប់ប្រភេទកើតមានជាហូរហែរ មន្ត្រីគោលដៅត្រូវទទួលខុសត្រូវលើតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ដោយសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ - ត្រូវគ្រប់គ្រងនិងតាមដានដីសម្បទានសេដ្ឋកិច្ចដែលរដ្ឋបាលដកហូតឲ្យបានត្រឹមត្រូវ; - ត្រូវជំរុញធ្វើយ៉ាងណាឲ្យក្តីបទល្មើសព្រៃឈើដែល កប់ទុករាប់ឆ្នាំមកហើយ ដើម្បីប្រមូលថវិកាជូនរដ្ឋ ពីព្រោះវត្ថុតាងកំពុងតែទទួលរងនូវការខូចខាត - ទប់ស្កាត់ឲ្យបាននូវការឈួសឆាយដីព្រៃកាន់កាប់ធ្វើជាកម្មសិទ្ធ- កន្លងមករដ្ឋបាលព្រៃឈើបានខិតខំបង្កើយសហគមន៍ព្រៃឈើបាន ជាច្រើន សុំឲ្យរដ្ឋបាលព្រៃឈើតាមដានសកម្មភាពរបស់សហគមន៍ទាំងការការពារ អភិរក្ស និងអភិវឌ្ឍន៍ សំដៅកែប្រែជីវភាពរបស់ពួកគាត់ឲ្យរីកចម្រើន ហើយត្រូវចាំថាបើជីវភាពមិនត្រូវបានកែប្រែនោះការអភិរក្ស និងការអភិវឌ្ឍន៍ក៏មិនអាចសម្រេចបានជោគជ័យដែរ។
សូមកុំផ្តេកផ្តួលតែលើផលនិងអនុផលព្រៃឈើបន្តិបន្ទួចនោះមិនអាចអភិវឌ្ឍន៍សហគមន៍បានទេ មានតែជំរុញ ផ្សព្វផ្សាយ បណ្តុះបណ្តាលបច្ចេកទេសកសិកម្មបន្ថែមទើបសហគមន៍អាចរីកចម្រើនបាន មានសហគមន៍ត្បែងលិខ ស្រុកបន្ទាយស្រីជាគំរូ - គ្រប់ផ្នែករដ្ឋបាលព្រៃឈើទូទាំងប្រទេសត្រូវខិតខំបង្កើតសួនអាពាហ៍ពិពាហ៍ ពីព្រោះសួននេះមានប្រយោជន៍ដល់សាធារណៈមួយគឺឲ្យពួកគេរួមចំណែកដាំកូនឈើឡើងវិញ ពីររក្សាសួននេះជាអនុស្សាវរីយ៍សម្រាប់ក្រុមគ្រួសារ និងទុកជាមរតកតកូនចៅ -គ្រប់សង្កាត់រដ្ឋបាលព្រៃឈីត្រូវធ្វើថ្នាលបណ្តុះកូនឈើនិងត្រូវរៀបចំពិធីប្រគល់កូនឈើដល់ប្រជាពលរដ្ឋឲ្យ បានគ្រប់សង្កាត់ ជាពិសេសត្រូវជំរុញឲ្យប្រជាពលរដ្ឋ មន្ត្រីរាជការ ព្រះសង្ឃ ជនជាតិភាគតិចចូលរួមដាំកូនឈើនៅ តាមទីសាធារណៈ សាលារៀន មន្ទីរពេទ្យ វត្តអារាម ដងវិថី។ល។ - មន្ត្រីរដ្ឋបាលព្រៃឈើនៅមូលដ្ឋានត្រូវចូលរួមសហការជាមួយក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោ ក្នុងការវាសវែងដីធ្លីជូនប្រជាពលរដ្ឋ - បង្កើននិងពង្រឹងសាមគ្គីភាពផ្ទៃក្នុងគ្រប់លំដាប់ថ្នាក់ឲ្យកាន់តែល្អប្រសើរ មានសាមគ្គីល្អទើបអាចសម្រេចកិច្ចការបានទទួលជោគជ័យ។