បញ្ហា ផ្លាស់ប្តូរពូជ របៀបធ្វើ ការប្រើប្រាស់ដី និងថែទាំ ជាប្រធានបទ នៃការផ្លាស់ប្តូរ យោបលគ្នារវាង ក្រុមកសិករ និងមន្ត្រីជាន់ខ្ពស់ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ កាលពីថ្ងៃទី ២៣ ខែឧសភា កន្លងទៅនេះ នៅសហគមន៍នាងទាវ ឃុំជីគ ស្រុកត្បូងឃ្មុំ។
មន្ត្រីខុទ្ទកាល័យលោករដ្ឋមន្ត្រី ក្រសួងកសិកម្ម ច័ន្ទ សារុន បានប្រាប់រស្មីកម្ពុជា កាលពីថ្ងៃទី២៥ ខែឧសភានេះថា លោករដ្ឋមន្ត្រី និងមន្ត្រីថ្នាក់ដឹកនាំ មន្ត្រីជំនាញក្រសួង បានអញ្ជើញចុះទៅពិនិត្យ ស្រូវពង្រោះបង្កើនរដូវ និងជួបជាមួយកសិករ សមាជិកសហគមន៍នាងទាវ ចំនួន២០០គ្រួសារ។
នៅពេលនោះ លោកប្រធានមន្ទីរកសិកម្មខេត្ត បានឱ្យដឹងថា ជាទូទៅកសិករ និយមធ្វើស្រូវព្រោះបង្កើនរដូវ និងស្រូវវស្សា។ ទិន្នផលជារួម ទទួលបាន ៣-៥តោន ក្នុង១ហិកតា។ ក្រុមប្រតិភូក៏បានស្តាប់ការលើកឡើង របស់កសិករទាក់ទង នឹងការធ្វើស្រែរបស់ពួកគេ។
ជាមួយគ្នានេះដែរ លោកងិន ឆាយ ប្រធាន នាយកដ្ឋានដំណាំស្រូវ និងលោកអ៊ុក ម៉ាការា នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានផ្តល់ជាទ្រឹស្តី និងបទពិសោធន៍ជាគន្លឺះដល់កសិករ អំពីការប្រើប្រាស់ជី ថ្នាំពុលកសិកម្ម ការធ្វើដី និងជំងឺស្រូវ។
មន្ត្រីដដែលបានឱ្យដឹងទៀតថាក្នុងឱកាលនោះលោករដ្ឋមន្ត្រី បានប្រាប់ដល់កសិករនៅទីនោះ ក៏ដូចជាសារទៅកាន់កសិករនៅតំបន់ផ្សេងទៀតថា ដើម្បីជំរុញផលិតផលកសិកម្ម ពិសេសដំណាំស្រូវ ឱ្យទទួលបានទិន្នផលខ្ពស់ នោះចាំបាច់ត្រូវតែយកចិត្តទុកដាក់ ទៅលើការជ្រើសរើសពូជ ការប្រើប្រាស់ពូជ បច្ចេកទេសសាបព្រោះ ស្ទូង និងថែទាំ។ល។ លោកបានកោតសរសើរសហគមន៍ នាងទាវ ដែលចាប់ផ្តើមធ្វើស្រូវពង្រោះបង្កើនរដូវនេះ។ លោកក៏បានពន្យល់ពីបច្ចេកទេស ប.វ.ស ដល់ បងប្អូនប្រជាកសិករ។ លោករដ្ឋមន្ត្រីបានប្រគល់ការងារនេះ ឱ្យអគ្គនាយកដ្ឋានកសិកម្ម មន្ទីកសិកម្ម ចុះមកបង្រៀនពីការប្រើប្រាស់ពូជ ការធ្វើដី សាប ដក ស្ទូង ការប្រើប្រាស់ជី ថ្នាំសម្លាប់សត្វល្អិត និងការថែទាំដល់កសិករ ជាពិសេសត្រូវរកស្រែដើម្បីធ្វើបង្ហាញឱ្យកសិករជឿរ និងទទួលយក។
អ្វីដែលលោករដ្ឋមន្ត្រីបានអំពាវនាវផង និងសំនូមពរផង ដល់កសិករនោះ គឺការកាត់បន្ថយ បរិមាណពូជច្រើន ដែលអនុវត្តតាមទម្លាប់ចាស់ ដោយគួរប្រើប្រាស់បច្ចេកទេសថ្មី ដែលចំណាយពូជ តិច ដែលគួរតែប្រើឧបករណ៍ព្រោះជំនួសវិញ។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រីបានប្រគល់ឧបករណ៍ព្រោះទៅឱ្យសហគមន៍ចំនួន ២គ្រឿង និងឧបករណ៍កំចាត់ស្មៅ២គ្រឿងថែមទៀត។ លោកក៏បានជូនជាយោបលផងដែរថា ដោយសារតំបន់ នេះជាដីមានជីវជាតិ ដូច្នេះមិនគួរប្រើប្រាស់ជីគីមីទេ ហើយគួរនាំគ្នាសន្សំជីធម្មជាតិ និងប្រើប្រាស់ជី ធម្មជាតិវិញ៕