នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបកញ្ញា Olga Pascenco (Loan Officer of the European Investment Bank in Asia, EIB) និងសហការីដើម្បីពិភាក្សាថាតើធនាគារវិនិយោគសហភាពអឺរ៉ុប (EIB) អាចជួយក្រសួងបានយ៉ាងដូម្តេច ដើម្បីសម្រេចបានតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្ម ២០១៩- ២០២៣ លើអនុវិស័យដែលមានអាទិភាពសំខាន់ៗមួយចំនួនជាពិសេសអនុវិស័យព្រៃឈើ និងការអភិវឌ្ឍវិស័យកសិកម្ម។
មតិស្វាគមន៍ តាមរយ:កញ្ញា Olga Pascenco ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះប្រជាជន និងរដ្ឋាភិបាលនៃប្រទេសជាសមាជិកសហភាពអឺរ៉ុប ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ ការចូលរួមចំណែកឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងធនធានថវិកានេះគឺជាកំលាំងចលករយ៉ាងធំមួយក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកំណើនចំណូលគ្រួសារតាមរយ:ការជំរុញផលិតភាពផលិតកម្មកសិកម្មសម ស្របតាមការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន តម្រូវការទីផ្សារ និងការប្រកួតប្រជែងទីផ្សារទាំងថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ។
នាឱកាសនេះកញ្ញា Olga បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបដោយសង្ខេបពីប្រវត្តិរបស់ធនាគារវិនិយោគនេះ មាន សកម្មភាពការងារទាំងក្នុងប្រទេសសមាជិក និងក្រៅប្រទេសសមាជិកក្នុងការជួយរៀបចំ គោលនយោបាយ កម្មវិធីនៃការអភិវឌ្ឍនានា តាមរយៈការផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញប្បទានសម្បទាន ដល់វិស័យដែលមានអាទិភាព។ កញ្ញាបានបញ្ជាក់បន្ថែមថាគោលបំណងសំខាន់ៗរបស់គម្រោងមានគឺ ទី១. លើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់លើវិស័យកសិកម្មដោយសារការប្រែ ប្រួលអាកាសធាតុ តាមរយៈការលើកកម្ពស់រអភិវឌ្ឍន៍នៃការដាំដុះព្រៃឈើឡើងវិញ ដើម្បីរក្សាបាននូវប្រព័ន្ធជីវចំរុះ អេកូឡូស៊ី រក្សាបាននូវធនធានធម្មជាតិ និងបង្កើតតំបន់អេកូទេសចរណ៍ ដែលជាការបង្កើតការងារ និងប្រភពចំណូលសម្រាប់ប្រជាសហគមន៍ក្នុងតំបន់។ ទី២. ការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធគំទ្រ និងការអិវឌ្ឍលើការដាំដុះដំណាំកសិកម្ម ។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ជូនភ្ញៀវថាគោលដៅរបស់ក្រសួងរយៈពេលកន្លងមកគឺផ្តោតជាសំខាន់លើការផលិតស្រូវ និងការនាំចេញ ដោយឡែកក្នុងបរិបទថ្មីនៃកំណើនសេដ្ឋកិច្ច ការកើន ឡើងនៃចំនួនប្រជាជន ទេសចរណ៍ និងតម្រូវការទីផ្សារបានតម្រូវឲ្យក្រសួងធ្វើបច្ចុប្បន្នភាពនៃគោលដៅរបស់ខ្លួនមកផ្តោតលើការធ្វើកសិកម្មចម្រុះ និងផលិតផលដែលមានសក្កានុពលខ្ពស់ដូចជាដំឡូងមី ពោតចំណី ស្វាយ ស្វាយចន្ទី និងជាពិសេសសាកវប្បកម្ម ធ្វើយ៉ាងណាជួយប្រជា កសិករបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅស្របតាមបរិបទថ្មីនេះ។ ដូច្នេះ ដើម្បីអភិវឌ្ឍវិស័យនេះប្រកបដោយចីរភាព និងនិរន្តរភាព ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យ EIB ពិនិត្យលទ្ធភាពក្នុងការផ្តល់ការគាំទ្រលើ÷ ទី១.ការបំពេញខ្សែច្រវាក់តម្លៃផលិតកម្មដោយចាប់ផ្តើមពី A ដល់ Z ធ្វើយ៉ាងនេះដើម្បីបង្កើនតម្លៃបន្ថែមដល់កសិផល ពង្រីកនិងពង្រឹងការកែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ឡសម្ងួត ការរក្សាទុកដាក់ក្នុងបន្ទប់ត្រជាក់ និងការដឹកជញ្ជូនប្រកបដោយជំនាញ បច្ចេក ទេស និងការធានាដល់គុណភាព សុវត្តិភាពទាំងអនាម័យនិងភូតគាមអនាម័យ និងជាពិសេសកាត់បន្ថយការនាំចេញវត្ថុធាតុដើម។ ទី២. ការសិក្សារៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ខ្សែច្រវាក់ផលិតកម្ម និងរចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកបែបទំនើបកម្មកសិកម្ម(ប្រព័ន្ធដំណក់ទឹក)។ ទី៣.ការអភិវឌ្ឍសហគមន៍ព្រៃឈើប្រកបដោយចីរភាព និងនិរន្តរភាព តាមរយ:ការអភិវឌ្ឍចំណេះដឹង ការងារច្បាប់ និងបច្ចេកទេសសមស្រប ដើម្បីធ្វើការផ្លាស់ប្តូរជាវិជ្ជមាននូវអ្វីដែលជាទម្លាប់ ឬផ្តេកផ្លួលទាំងស្រុងលើផល និងអនុផលព្រៃឈើ ការធ្វើពនេចរ ការកាន់ទន្រ្ទានដីព្រៃដើម្បីធ្វើកសិកម្មដោយផ្ញើវាសនាលើធម្មជាតិទាំងស្រុង។ កត្តាទាំងអស់នេះ ទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមសហការគ្នាអនុវត្តដោយយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ និងជាពិសេសសង្ឃឹម និងជឿជាក់ថា EIB នឹងយកចិត្តទុកដាក់ពិនិត្យលទ្ធភាព ផ្តល់កិច្ចសហការជាមួយ ក្រសួងនាពេលអនាគតដ៏ខ្លីដើម្បីចូលរួមសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នាឆ្នាំ២០៣០។
កញ្ញាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្ដមរដ្ឋមន្ត្រីដែលបានចំណាយពេលវេលាដ៏មានតម្លៃផ្តល់ជូននូវព័ត៌មានសំខាន់ៗដែលជាប្រយោជន៍សម្រាប់ក្រុមការងារបច្ចេកទេសរបស់ EIB យកទៅពិនិត្យពិចារណា ជួយដល់វិស័យកសិកម្មកម្ពុជានាពេលអនាគត ហើយកញ្ញាបានជម្រាបជូនថានឹងបញ្ជូនក្រុមការងារបច្ចេកទេសកសិកម្មមកសិក្សាអំពីផែន ការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្មរបស់ក្រសួងឲ្យបានច្បាស់ដើម្បីកំណត់អាទិភាពចម្បងសម្រាប់ EIB យកទៅពិចារណាជួយគាំទ្រ។ លទ្ធផលនៃជំនួបនាពេលនេះកញ្ញាថានឹងរាយការណ៍ជូនទៅប្រធាន និងអគ្គនាយកគ្រប់គ្រងទូទៅនៃធនាគារវិនិយោគសហភាពអឺរ៉ុប។