ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រួមដំណើរជាមួយឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណអភិបាលខេត្ត និងសហការីបានអញ្ជើញចូលរួមប្រមូលផលដំឡូងបារាំងរបស់លោកគ្រី ម៉េងឈាង
ចេញផ្សាយ ១១ កុម្ភៈ ២០១៩
2705
នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ ២០១៩ ដែលជាថ្ងៃ ឈប់សម្រាកចុងសប្តាហ៍ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការី បានអញ្ជើញមកបំពេញការងាររយ:ពេល ៣ថ្ងៃចាប់តាំងពីថ្ងៃសុក្រ ទី៨ ដល់ថ្ងៃអាទិត្យទី១០ ខែកុម្ភ: នៅខេត្តមណ្ឌលគីរី តាមកម្មវិធីដូចបានគ្រោងទុក។
កម្មវិធីទី១. ឯកឧត្តមរដ្ឋមន្រ្តី រួមដំណើរជាមួយឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណអភិបាលខេត្ត និងសហការីបានអញ្ជើញចូលរួមប្រមូលផលដំឡូងបារាំងរបស់លោកគ្រី ម៉េងឈាង នៅភូមិស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។ សូមអនុញ្ញាតជម្រាបជូនថាសាកលវិទ្យាល័យភូមិន្ទកសិកម្មសហការជាមួយអង្គការ KOPIA និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុវត្តគម្រោងស្តីពីការផ្សព្វផ្សាយ និងផលិតកម្មដំឡូងបារាំងនៅកម្ពុជា។ គម្រោងបាននាំយកពូជពីប្រទេសវៀតណាម កូរ៉េ អាឡឺម៉ង់ និងកាណាដា។ល។ ដោយជ្រើសរើសយកលោកគ្រី ម៉េងឈាង ធ្វើជាដៃគូដាំសាកល្បងតាំងពីឆ្នាំ២០១៦។ លទ្ធផលនៃការពិសោធន៍ស្រាវជ្រាវបានបង្ហាញថានៅឆ្នាំដំបូងដំឡូងជួបបញ្ហាជំងីផ្សិត រលួយគល់ និងសត្វល្អិត នៅឆ្នាំបន្ទាប់ការ ពិសោធន៍លើកទី១ ត្រូវបរាជ័យដោយសារទឹកភ្លៀង តែលើកទី២ ទទួលបានលទ្ធផលល្អប្រសើរ ហើយទិន្នផលពូជខ្លះអាចទទួលបានរហូត ២៥តោន/ហត ខ្ពស់បំផុត និងទាបបំផុត ២,៣តោន/ហត។ ដោយឡែកនៅឆ្នាំ ២០១៨ កន្លងមកនេះការពិសោធន៍ត្រូវបានចែកជា៣ដំណាក់កាល លើកទី១ ទិន្នផលទទួលបាន ១៧តោន/ហត ហើយលើកទី២ និងទី៣ នឹងប្រមូលផលនៅក្នុងខែមីនាខាងមុខ។ លោកគ្រី ម៉េងឈាង បានជម្រាបជូនឯកឧត្ដមរដ្ឋមន្ត្រីជ្រាបថាដំឡូងបារាំងគឺជាដំណាំថ្មី ដែលកសិករមិនទាន់ចាប់អារម្មណ៍ធ្វើការដាំដុះទេ ម៉្យាងទៀតការដាំដុះដំណាំនេះទាមទារបច្ចេកទេសខ្ពស់ ជាពិសេសនោះវាកំពុងស្ថិតក្នុងដំណាក់កាលនៃការពិសោធន៍ស្រាវជ្រាវនៅឡើយ។ លោកសង្ឃឹមថាបើការពិសោធន៍បានទទួលជោគជ័យ កសិករនឹងចាប់អារម្មណ៍ដាំច្រើននាពេលអនាគត ពីព្រោះដាំណាំនេះមានទីផ្សារល្អ និងតម្លៃខ្ពស់ទៀតផង បច្ចុប្បន្នលក់បាន ៥-៦០០០រៀល/kg ហើយដោយសារចំណូលនេះហើយធ្វើឱ្យជីវភាព របស់គ្រួសារគាត់ធូរធារ ព្រោះក្នុង១វគ្គប្រមូលផលគាត់អាចទទួលចំណូលបាន ១៧០០០ដុល្លារ(គិតទាំងថ្លៃដើម)។
កម្ពុជាដាំបានហើយ នេះជាប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងទឹកចិត្តសប្បាយរីករាយពេលឃើញដំឡូងបារាំងផ្តល់ផលបានល្អយ៉ាងដូច្នេះ។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យភូមិន្ទកសិកម្ម អ្នកស្រាវជ្រាវ និងអង្គការ KOPIA ជាពិសេសម្ចាស់ចំការដែលបានសហការធ្វើការសិក្សាស្រាវជ្រាវ រហូតទទួលបានលទ្ធផលជាផ្លែផ្កាដូចយើងបានឃើញនាពេលនេះ។ លោកសូមឱ្យក្រុមការងារបន្តស្រាវជ្រាវបន្ថែមទៀត ប្រយោជន៍ស្វែងរកលទ្ធផលល្អមួយតាមការរំពឹងទុក ដើម្បីធ្វើការផ្សព្វផ្សាយឱ្យកសិករដាំដំណាំនេះ បានទូលំទូលាយទូទាំងខេត្តមណ្ឌលគីរី ធានាបរិមាណផ្គត់ផ្គង់តម្រូវការទីផ្សារ កាត់បន្ថយការនាំចូល និងចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនជាជនជាតិភាគតិចនាពេលអនាគត។ គួរស្វែងរកដៃគូវិនិយោគ ដើម្បីិធានាដល់និរន្តរភាពផលិត ផ្គត់ផ្គង់ គុណភាព និងអនាម័យ ដោយត្រូវអនុវត្តតាមផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ឯកឧត្តមក៏បានស្នើឱ្យសហគមន៍កសិកម្ម និងសហគមន៍ព្រៃឈើងាកមកចាប់អារម្មណ៍ដាំដំឡូងបារាំងដើម្បីកែលម្អកម្រិតជីវភាព បង្កើតអាជីពថ្មី កាត់បន្ថយការពឹងអាស្រ័យតែលើផល និងអនុផលព្រៃឈើ។ ឯកឧត្តមបានស្នើឱ្យគម្រោងសហការជាមួយម្ចាស់ចំការពិនិត្យលទ្ធភាពរៀបចំជាតំបន់ទេសចរណ៍ ផ្តល់ឱកាសឱ្យភ្ញៀវដកដំឡូង និងទិញផលដំឡូង ដើម្បីបង្កើតការងារបន្ថែម និងបង្កើនចំណូលឱ្យមាននិរន្តរភាព។