នៅទីស្តីការក្រសួងនារសៀលថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអនុញ្ញាឲ្យលោក Alexandre Huynh តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា (FAO) និងសហការីចូលជួបសម្តែងការគួរសម និងពិនិត្យលទ្ធភាពលើការងារមួយចំនួនដែលអង្គការអាចជួយគាំទ្រ ឬផ្តល់កិច្ចសហប្រតិបត្តិការបន្ថែមទៀតធ្វើយ៉ាងណាលើកស្ទួយវិស័យកសិកម្មកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើនមួយកម្រិតទៀត។
នាឱកាសនេះ លោក Alexandre Huynh តាងនាមឲ្យអង្គការ FAO និងក្នុងនាមខ្លួនលោកផ្ទាល់ សូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម ដែលរាជរដ្ឋាភិបាលសម្រេចបាននាឆ្នាំកន្លងមកក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ហើយលោកក៏សូមចូលរួមអបអរសាទរជូនចំពោះឯកឧត្តមរដ្ឋមន្ត្រីដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់អាណត្តិទី៦ នៃរាជរដ្ឋាភិបាល។ លោកសង្ឃឹម និងជឿជាក់ថាក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី វិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ FAO នឹងកាន់តែមានភាពរីកចម្រើន និងប្រសិទ្ធភាពថែមទៀត។ ចំពោះគោលបំណង នៃជំនួបនាថ្ងៃនេះគឺដើម្បីពិនិត្យលើអនុវិស័យនានាដែលអង្គការ FAO អាចជួយគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការ និងស្នើសុំអនុសាសន៍មួយចំនួន ដើម្បីធ្វើការកែសម្រួល ក៏ដូចជាតំរង់ទិសផែនការយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំថ្មីរបស់អង្គការក្នុងការជួយគាំទ្រដល់វិស័យកសិកម្មកម្ពុជា ធ្វើយ៉ាងណាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
មានមតិស្វាគមន៍ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមឲ្យរាជរដ្ឋាភិបាល និងក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអង្គការ FAO ដែលបានជួយគាំទ្រយ៉ាងច្រើនក្នុងដំណើរការនៃការរៀបចំគោលនយោបាយជាយុទ្ធសាស្រ្ត និងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ពិសេសបានជួយឧបត្ថម្ភទាំងបច្ចេកទេស និងថវិកា ដើម្បីអនុវត្តគម្រោងនានាកន្លងមក។ ស្តែងចេញពីលទ្ធផលនៃការអនុវត្តន៍គម្រោងទាំងនោះ ធ្វើឲ្យវិស័យកសិកម្មមានការរីកចម្រើនជាបន្តបន្ទាប់។ តាមរយៈនៃការបំពេញបេសកកម្មរបស់ លោក Alexandre Huynh នៅកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមនិងជឿជាក់ថាអង្គការ FAO នឹងបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឲ្យមានការរីកចម្រើនបន្ថែមទៀតនាពេលអនាគត។
សូមបញ្ជាក់ថា កិច្ចប្រជុំនាថ្ងៃនេះ ភាគីទាំងពីរបានឯកភាពគ្នាលើចំណុចសំខាន់ៗមួយចំនួនដែលត្រូវដាក់បញ្ចូល ក៏ដូចជាផ្តោតជាសំខាន់ក្នុងផែនការយុទ្ធសាស្ត្រថ្មីរបស់អង្គការ មានជាអាទិ៍៖ ១. ត្រូវលើកកម្ពស់ការរៀបចំផែនទីកំណត់តំបន់ដាំដុះ។ ២. បង្កើនការយកចិត្តទុកដាក់ដោះស្រាយបញ្ហាទីផ្សារជូនប្រជាកសិករ តាមរយៈការលើកកម្ពស់ទំនើបកម្មកសិកម្ម ការកែឆ្នៃ និងពាណិជ្ជូបនីយកម្ម រួមជាមួយនឹងការរៀបចំផែនការដាំដុះប្រកបដោយប្រសិទ្ធភាព និងនិរន្តភាព ដើម្បីតម្រូវចិត្តនៃទីផ្សារត្រូវការ។ ៣. ជម្រុញការអនុវត្តស្តង់ដារអនាម័យ និងភូតគាមអនាម័យលើផលិតផលកសិកម្ម ដើម្បីធានាបាន ទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុក។ ៤. ពិនិត្យលទ្ធភាពលើការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យកសិកម្ម ដើម្បីបង្កើនទាំងគុណភាព និងផលិតភាព ធ្វើយ៉ាងណាកាត់បន្ថយថ្លៃដើម ដើម្បីបង្កើនប្រាក់ចំណូលរបស់ប្រជាកសិករ។