នាព្រឹកថ្ងៃអង្គារ ១កើត ខែស្រាពណ៏ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវ នឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជជាណាចក្រកម្ពុជា បានអញ្ជើញមកចូលរួមភ្ជួររាស់ សាបព្រោះ និងប្រមូលផលស្រូវវស្សាដើមរដូវ និងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយសមាជិកសហគមន៍កសិករប្រើប្រាស់ទឹកប្រឡាយមេតាស៊ូង ក្នុងភូមិពន្ទង ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ នេះជាលើកទី២ នៃសកម្មភាពដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់ពេលវេលាដ៏មមាញឹក និងមានតម្លៃបំផុត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាកសិករនៅស្រុកពាមរក៍ ខេត្តព្រៃវែង និងស្រុកព្រៃកប្បាស ខេត្តតាកែវ ក្នុងចេតនាស្មោះសរ គាំទ្រ និងលើកទឹកចិត្តបងប្អូនប្រជាកសិករដែលកំពុងញាប់ដៃ ញាប់ជើងក្នុងការងារបង្កបង្កើនផលស្រូវដើមរដូវ ក៏ដូចការងារចិញ្ចឹមសត្វ ដាំដំណាំ និងវារីវប្បកម្មផងដែរ។ កាយវិការដ៏ប្រពៃថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីគំរូវីរភាពដ៏ប្រពៃ សន្តានចិត្តស្មោះសរក្នុងនាមថ្នាក់ដឹកនាំកំពូលដែលប្រកបដោយគុណធម៌ ព្រហ្មវិហារធម៌ គតិបណ្ឌិត គិតគូខ្វល់ខ្វាយ យកចិត្តទុកដាក់ ឧបត្ថម្ភ និងគាំទ្រលើគោនយោបាយអភិវឌ្ឍវិស័យកសិកម្ម បង្កើនផលិតភាពផលិតកម្មដើម្បីធានាសន្តិសុខស្បៀងក្នុងគ្រួសារ ផ្គត់ផ្គង់ឲ្យតម្រូវការទីផ្សារ និងឈានទៅធ្វើការនាំចេញ ស្របពេលដែលវិស័យមួយចំនួនកំពុងជួបវិបត្តិដោយសារជំងឺឆ្លងកូវីដ-១៩។
កាយវិការដ៏ប្រពៃថ្លៃថ្លានេះ ឯកឧត្តមរដ្ឋមន្ត្រីក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ គោរព ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោនាពេលនេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងច្បាស់ថាសកម្មភាពដ៏ឧត្តុង្គឧត្តម និងជាពិសេសអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង ក៏ដូចជាមន្រ្តីរាជគ្រប់ជាន់ថ្នាក់ សូមលំឱនកាយគោរពប្រតិបត្តិដើរតាម និងប្តេជ្ញាយកអស់កំលាំងកាយចិត្ត ប្រាជ្ញាស្មារតីទទួលខុសត្រូវខ្ពស់ធ្វើយ៉ាងណាអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោឲ្យសម្រេចទទួលបានជោគជ័យ ដើម្បីចូលរួមបង្កើនផលិតភាពផលិតកម្មកសិកម្ម ធានាសន្តិសុខស្បៀង បង្កើនកម្រិតជីវភាព កាត់បន្ថយភាពក្រីក្រតាមរយ:ការបង្កើនផលិតកម្មស្បៀងដែលជាផលិតកម្មស្នូលក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចទាំងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ។
ឆ្លៀតយកឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបួងសួងដល់ម្ចាស់ទឹក ម្ចាស់ដីដែលថែរក្សាទឹកដីស្រុកព្រៃកប្បាស គុណព្រះរតនត្រ័យ ព្រមទាំង វត្ថុស័ក្តិសិទ្ធិគ្រប់ទិសទី សូមយាងប្រោះ ព្រំសព្ទ សាធុការ ពរជ័យ បវរមហាប្រសើរជូន សម្តេច តេជោ និង សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ព្រម ទាំង សម្តេច ឯកឧត្តម លោក ជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ជាភ្ញៀវកិត្តិយសទាំងអស់សូមបានប្រកប ដោយ សិរីសួស្តី ជ័យមង្គល វិបុលសុខ និងព្រះពុទ្ធពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។