នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង០៨:៣០ព្រឹកថ្ងៃសុក្រ ៩រោចខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកស្រី Sunniya Durrani-Jamal នាយកប្រតិបត្តិនៃធនាគារអភិវឌ្ឍអាស៊ី (ADB) ប្រចាំកម្ពុជា និងសហការីដើម្បីតាមដានពីដំណើរការនៃការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី "ការការពាររុក្ខជាតិ និងភូតគាមអនាម័យ" ដែលទទួលបានការជួយឧបត្ថម្ភពី ADB។
ជាបឋម លោកស្រីបានថ្លែងអំណរគុណចំពោះពេលវេលាដ៏មានតម្លៃរបស់ឯកឧត្តមរដ្ឋមន្រ្តីដែលទទួលជួបក្រុមការងារ ADB នាព្រឹកនេះ។ ជំនួបនេះគឺលោកស្រីមានបំណងចង់ពិភាក្សា និងតាម ដានអំពីដំណើរការនៃការរៀបចំសេចក្តីព្រាងច្បាប់ខាងលើ ដើម្បីធ្វើយ៉ាងណាជំរុញកិច្ចការនេះឲ្យ បានលឿន រលូន និងទទួលបានការអនុម័តនាពេលអនាគតដ៏ខ្លី ប្រយោជន៍ដើម្បីជួយលើកកម្ពស់សមត្ថភាពពេញលេញក្នុងការចូលរួមអនុវត្តការការពាររុក្ខជាតិ និងការត្រួតពិនិត្យភូតគាមអនាម័យក្នុងវិស័យកសិកម្មកម្ពុជា និងជាពិសេសដើម្បីជួយសម្រួលដល់ការធ្វើកសិ-ពាណិជ្ជកម្មឲ្យបានរលូន ទូលំទូលាយ និងមានប្រសិទ្ធភាពស្របនិយាម និងគោលនយោបាយរបស់អាស៊ាន និងអន្តរជាតិ។
មានប្រសាសន៍នាខណ:នេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះ ADB និងជាពិសេសចំពោះលោកស្រី និងក្រុមការងារ ដែលយកចិត្តទុកដាក់ និងសម្តែងនូវក្តីកង្វល់ចំពោះការយឺតយ៉ាវនៃដំណើរការរៀបចំសេចក្តីព្រាងច្បាប់នេះ។ លោកបានបញ្ចេញទស្សនជូនភ្ញៀវថា ចំពោះក្រសួង ច្បាប់នេះមានសារ:សំខាន់ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតព្រោះវានឹងជួយសម្រួលដល់ការធ្វើកសិ-ពាណិជ្ជកម្ម ការការពាររុក្ខជាតិពីជំងឺឆ្លង និងសត្វល្អិតចង្រៃដែលអាចបង្កហានីភ័យដល់ដំណាំ និងជាពិសេសនោះគឺជាឧបសគ្គចំបងដល់ការនាំចេញកសិផលកម្ពុជា ប្រសិនបើយើងគ្មានវិធានការការពារ ឬទប់ស្កាត់ឲ្យបានត្រឹមត្រូវ ច្បាស់លាស់ និងមានប្រសិទ្ធភាពស្របតាមលក្ខណច្បាប់ និងបច្ចេកទេសនោះទេ។ ដោយឡែក ចំពោះដំណើរការនៃកិច្ចពិភាក្សាលើសេចក្តីព្រាងច្បាប់នេះ កំពុងដំណើរការទៅមុខបើទោះបី មានបញ្ហាខ្លះៗដែលត្រូវពិភាក្សាឲ្យបានលម្អិត និងស៊ីជម្រៅបន្ថែមទៀតជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ប៉ុន្តែទោះជាយ៉ាងណាក្រសួងនឹងខិតខំឲ្យអស់ពីសមត្ថភាពក្នុងការចរចារ និងដោះស្រាយបញ្ហាដែលជាប់គាំងទាំងឡាយ ធ្វើយ៉ាងណាជំរុញឲ្យសេចក្តីព្រាងច្បាប់នេះអនុម័តក្នុងពេលឆាប់។