នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៤ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតី ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងរាជរដ្ឋាភិបាលជប៉ុន សម្រាប់ការសិក្សាឆ្នាំ២០២៤-២០២៥។ កិច្ចសំណេះសំណាលធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម។
សមាសភាពអញ្ជើញចូលរួមមាន លោកជំទាវ ចាន់ ផលលឿន ឯកឧត្តម សួន សេរី ឯកឧត្តម ជា ឆេង ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួង ឯកឧត្តម ង៉ោ ប៊ុនថាន សាកលវិទ្យាធិការនៃសកលវិទ្យាល័យភូមិន្ទកសិកម្ម លោក សំ ឆោមសង្ហា អគ្គលេខាធិការរងក្រសួងកសិកម្ម លោក ឈុន តូរី នាយកស្តីទីវិទ្យាស្ថានជាតិកសិកម្មព្រៃលាប លោក ទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិក លោក ព្រំ សុមានី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងនិស្សិតសរុបចំនួន៣០រូប។
ជំនួបនេះធ្វើឡើងក្នុងគោលបំណង ដើម្បីសុំបទពិសោធន៍ និងអនុសាសន៍ណែនាំផ្តល់ពីថ្នាក់ដឹកនាំពាក់ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដល់ប្អូនៗនិស្សិតជ័យលាភីអាហារូបករណ៍មុននឹងចេញដំណើរទៅបន្តការសិក្សាទៅប្រទេសកូរ៉េ និងប្រទេសជប៉ុន។
ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ មានប្រសាសន៍ថា ឱកាសទៅបន្តការសិក្សានៅប្រទេសកូរ៉ និងប្រទេសជប៉ុនរបស់ប្អូនៗនិស្សិត កើតឡើងតាមរយៈការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងពេលដែលប្រទេសមានសុខសន្តិភាពពេញលេញ។ ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតទៅដល់បេក្ខជន និងបេក្ខនារីជ័យលាភីទាំងអស់ ត្រូវចេះក្តាប់ឱកាសសិក្សាស្វែងយល់នូវបទពិសោធថ្មីៗបន្ថែមទៀតពីប្រទេសកូរ៉េ និងជប៉ុន ដើម្បីយកមកអភិវឌ្ឍមាតុប្រទេសនៅពេលរៀនចប់៕