នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន អញ្ជើញ បើកសិក្ខាសាលាប្រចាំឆ្នាំរបស់គម្រោង FORSEA (Forecasting Impacts of Climate Change and Workforce availability on Natural Rubber Commodity Chain in South East Asia) នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
សិក្ខាសាលានេះបង្កើតឡើងក្នុងគោលបំណងបង្ហាញលទ្ធផលបឋម នៃការអនុវត្តសមាសភាគនីមួយៗរបស់គម្រោងនៅក្នុងប្រទេសទាំងបី កម្ពុជា វៀតណាម និងថៃ និងលទ្ធផលស្រាវជ្រាវបឋមរបស់និស្សិតថ្នាក់អនុបណ្ឌិត និងបណ្ឌិតរបស់ប្រទេសទាំង៣ ក្រោមការគាំទ្រថវិកាពីគម្រោង។
នាឱកាសនេះ ឯកឧត្តម ប្រាក់ ដាវីដ បានស្វាគមន៍និងវាយតម្លៃខ្ពស់អំពីសារៈសំខាន់នៃគម្រោង ក្រោមកិច្ចសហប្រតិបត្តិការវាងប្រទេសកម្ពុជា ថៃ វៀតណាម និងប្រទេសបារាំង ដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងកង្វះខាតកម្លាំងពលកម្មក្នុងប្រទេសទាំងបី ដែលធ្វើប៉ះពាល់ដល់ទិន្នផលកៅស៊ូ។
បន្ថែមពីនេះ ឯកឧត្តមបញ្ជាក់ថា បញ្ហាកង្វះកម្លាំងពលកម្ម ជាពិសេសអ្នកចៀរជ័រជំនាញ គឺជាបញ្ហាមួយដែលទាមទារនូវការដាក់ចេញផែនការសកម្មភាពដោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីរក្សានិរន្តរភាពនៃឧស្សាហកម្មកៅស៊ូនាពេលខាងមុខ ខណៈផលិតកម្មកៅស៊ូក្នុងប្រទេសទាំង៣ មានទំហំប្រមាណជិត ៤៥ភាគរយ នៃផលិតផលកៅស៊ូពិភពលោក ដែលគ្របដណ្ដប់លើផ្ទៃដីជាង ៥,៥ លានហិកតា។
ឯកឧត្តមរដ្ឋលេខាធិការ សង្ឃឹមថា គម្រោង FORSEA នេះ នឹងជួយដោះស្រាយបានមួយចំណែកនូវបញ្ហាប្រឈម ទាំងការប្រែប្រួលអាកាសធាតុ និងបញ្ហាកង្វះខាតពលកម្ម ចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់កសិករកៅស៊ូគ្រួសារ និងភាគីពាក់ព័ន្ធផ្សេងទៀតក្នុងប្រទេសទាំងបី ប្រកបដោយប្រសិទ្ធភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នា ឱ្យបានកាន់តែល្អប្រសើរ។
គួរបញ្ជាក់ថា សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដម ប៉ុល សុផា និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្សេងទៀត រួមទាំងតំណាងស្ថានទូតបារំាងប្រចាំកម្ពុជា តំណាង AFD ប្រចាំកម្ពុជា តំណាងមជ្ឈមណ្ឌល CIRAD ប្រចាំតំបន់ ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ភ្ញៀវជាតិ និងអន្តរជាតិ អ្នកអនុវត្តគម្រោងមកពីប្រទេសថៃ និងវៀតណាម ដែលមានចំនួនសរុប ៤៧នាក់៕